កីឡាចំបាប់៖ លោកស្រី Niamkey Deqa នាយិកាផ្នែកអភិវឌ្ឍធនធាននៃសហព័ន្ធកីឡាចំបាប់ពិភពលោក (UWW) បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះដំណើរការត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ នាឆ្នាំ២០២៩ បន្ទាប់ពីលោកស្រីបានឃើញពីចំណុចវិជ្ជមានជាច្រើនរបស់កម្ពុជា ពិសេសសហព័ន្ធកីឡាចំបាប់កម្ពុជា។
ការគូសបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធកីឡាចំបាប់ពិភពលោកបានកោះអញ្ជើញអ្នកជំនាញ មន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិមកពីបណ្ដាប្រទេសនានា ចូលរួមសិក្ខាសាលាមួយកំឡុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ នៅកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅ។ មន្ដ្រីជាន់ខ្ពស់ UWW រូបនេះបន្ដថា កំឡុងការប្រកួតចំបាប់ជើងឯកអាស៊ានលើកដំបូងនៅកម្ពុជា សហព័ន្ធកីឡាចំបាប់ពិភពលោកបានសហការជាមួយម្ចាស់ផ្ទះ រៀបចំវគ្គបណ្ដុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម គ្រូបង្វឹក ក៏ដូចជាវគ្គបច្ចេកវិទ្យាគ្រប់គ្រងព្រឹត្តិការណ៍ ដែលដំណើរការយ៉ាងរលូនមុនការប្រកួត។ តាមរយៈនេះសបញ្ជាក់ថា កម្ពុជាបានត្រៀមលក្ខណៈយ៉ាងល្អដើម្បីទទួលរៀបចំស៊ីហ្គេមឆ្នាំ២០២៣ និងកីឡាយុវជនអាស៊ីឆ្នាំ២០២៩។
នេះជាការមើលឃើញនូវទស្សនៈវិស័យរបស់លោកស្រី Niamkey Deqa ដែលជាមន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាចំបាប់ពិភពលោក ចំពោះឆន្ទៈខ្ពស់របស់ស្ថាប័នកីឡាកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកំពុងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមន្ត្រី កីឡាករ-កីឡាការិនីឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាក់ស្ដែងកីឡាចំបាប់ដែលមានធនធានមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ និងកីឡាករ-កីឡាការិនីគ្រប់គ្រាន់ដើម្បីចូលរួមរៀបចំ និងការប្រកួតអន្ដរជាតិនានា៕
អត្ថបទ៖ លី ឈុនឡា