កីឡាអេឡិចត្រូនិក៖ ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Burn X Flash បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមប្រកួតជើងឯកកីឡាអេឡិចត្រូនិកកម្រិតពិភពលោក M4 World Championship សម្រាប់វិញ្ញាសា Mobile Legends: Bang Bang នាខែមករា ឆ្នាំ២០២៣ ខាងមុខនៅប្រទេសឥណ្ឌូនេស៊ី។
ការបញ្ជាក់នេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានតាមអនឡាញមួយ ស្ដីពីក្រុម Burn X Flash ចូលរួមព្រឹត្តិការណ៍ជើងឯកកីឡាអេឡិចត្រូនិកពិភពលោកកាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមការសម្របសម្រួលរបស់ក្រុមការងារ Mooton ដែលជាក្រុមហ៊ុនរៀបចំរៀបចំព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ។ តំណាងក្រុមជើងឯកលីគអាជីព MPL-KH League 2022 នេះបានឲ្យដឹងថា បច្ចុប្បន្នក្រុមខ្លួនបានត្រៀមរួចរាល់ ដើម្បីចូលរួមការប្រកួតប្រជែងកម្រិតពិភពលោកនេះ។ ពួកគេទទួលស្គាល់បេក្ខភាពក្នុងពូលជាមួយគ្នា សុទ្ធតែជាក្រុមខ្លាំងៗលំដាប់ពិភពលោក តែពួកគេប្ដេជ្ញានឹងព្យាយាមធ្វើឲ្យបានល្អបំផុតដើម្បីឈានទៅវគ្គបន្ដបន្ទាប់ ក៏ដូចជាដណ្តើមបាននូវលទ្ធផលល្អជូនជាតិ។ សមាជិកក្រុម Burn X Flash ដដែលបន្ដថា ការប្រកួតនេះពិតជាធំ និងអស្ចារ្យ។ ប៉ុន្ដែថ្មីៗនេះក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ក៏ទើបដណ្ដើមបានមេដាយសំរឹទ្ធជាប្រវត្តិសាស្ដ្រ ក្នុងការប្រកួតកម្រិតពិភពលោក 14TH IESF World Esport Championship នៅប្រទេសឥណ្ឌូនេស៊ីដែរគឺក្រុម Impunity KH។ ដូច្នេះជោគជ័យនេះគឺជាសញ្ញាណវិជ្ជមានមួយសម្រាប់ក្រុមខ្លួនក្នុងការប្រកួត M4 World Championship នាពេលខាងមុខ ហើយពួកគេប្ដេជ្ញានឹងធ្វើឲ្យបានល្អជាងក្រុម Impunity KH ទៀតផង។
សូមបញ្ជាក់ថា ការប្រកួតជើងឯកកីឡាអេឡិចត្រូនិកកម្រិតពិភពលោក M4 World Championship នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ សម្រាប់វគ្គសន្សំពិន្ទុក្នុងពូល និងវគ្គចាញ់ធ្លាក់ ខណៈក្រុមឈ្នះឡើងរហូតដល់វគ្គផ្ដាច់ព្រ័ត្រចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ ខែមករាដដែលនៅប្រទេសឥណ្ឌូនេស៊ី។ ព្រឹត្តិការណ៍នេះ មានក្រុមខ្លាំងៗទូទាំងពិភពលោកចូលរួមសរុប ១៦ក្រុម និងចែកចេញជា ៤ពូលក្នុងមួយពូលមាន ៤ក្រុម។ សម្រាប់ក្រុម Burn X Flash គឺស្ថិតក្នុងពូល A ជាមួយក្រុមខ្លាំងហ្វីលីពីន Blacklist International, ក្រុម Falcon Esports របស់មីយ៉ាន់ម៉ា និងក្រុម Incendio Supremacy របស់ទួរគី។ ឯពូល B មានក្រុម Malvinas Games (អាហ្សង់ទីន), MDH Esports (វៀតណាម), ONIC Esports (ឥណ្ឌូនេស៊ី) និង TODAK (ម៉ាឡេស៊ី)។ ពូល C មានក្រុម ECHO (ហ្វីលីពីន), Occupy Thrones (អេហ្ស៊ីប), RRQ Hoshi (ឥណ្ឌូនេស៊ី) និងក្រុម RSG Singapore (សិង្ហបុរី) និងពូលD មានក្រុម RRQ Akira (ប្រេស៊ីល), S11 Gaming Angentina (ប៊ូឡាវី), Team HAQ (ម៉ាឡេស៊ី) និងក្រុម The Valley (អាមេរិកខាងជើង)។
ការប្រកួតដ៏ធំនេះគឺមានប្រាក់រង្វាន់សរុប ៨០ម៉ឺនដុល្លារ។ គេចាំបានថា កាលពីឆ្នាំ២០២១ ពោលគឺការប្រកួត M3 នៅសិង្ហបុរី កម្ពុជាក៏បានបញ្ជូនក្រុម See You Soon ចូលរួមប្រកួតដែរដោយទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១៦ក្រុម អមប្រាក់រង្វាន់ ១៥,០០០ដុល្លារ ខណៈក្រុមហ្វីលីពីន Blacklist International បានឈ្នះជើងឯក អមប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ៕
អត្ថបទ៖ លី ឈុនឡា