កោះកុង៖ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានចុះពិនិត្យ និងធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនដល់ប្រជាពលរដ្ឋប្រុសស្រីសរុបជិត ៥៦០នាក់ អំឡុងយុទ្ធនាការរយៈពេល១ខែមកនេះ។
គិតចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ កម្លាំងនគរបាលការិយាល័យអត្តសញ្ញាណកម្មស្រុកមណ្ឌលសីមា បានចុះតាមខ្នងផ្ទះដែលជាគោលដៅធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនដល់ប្រជាពលរដ្ឋតបតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងស្នងការដ្ឋានខេត្តកោះកុង។
លោក លឹម សែងច័ន្ទ អធិការស្រុកមណ្ឌលសីមា បានឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែធ្នូនេះថា លោកបានដាក់ផែនការដល់កម្លាំងនគរបាលជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណទៅតាមកាលវិភាគដែលដាក់ចេញអនុវត្តក្នុងមូលដ្ឋានឃុំទាំង៣ គឺឃុំប៉ាក់ខ្លង ឃុំពាមក្រសោប និងឃុំទួលគគីរ។
លោកអធិការ បានឱ្យដឹងទៀតថា សមត្ថកិច្ចជំនាញបានចុះធ្វើ និងផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ៥៥៨នាក់ ក្នុងនោះប្រុស ៣២០នាក់ ដោយមានការផ្តល់ថ្មីចំនួន២២៦ នាក់/ប្រុស ១៣២ នាក់ និងចុះទុតិយតាចំនួន ៣៣២ នាក់/ប្រុស ១៨៨ នាក់។
ក្រៅពីបញ្ចប់ផែនការធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនប្រជាពលរដ្ឋ កម្លាំងអធិការនគរបាលស្រុកមណ្ឌលសីមា បាននឹងកំពុងសម្របសម្រួលការងារពាក់ព័ន្ធជាមួយស្នងការដ្ឋានខេត្ត និងនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីផ្តល់អត្តសញ្ញាណប័ណ្ណដល់កម្មករ កម្មការិនីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសខេត្ត ខណៈពួកគេមកពីបណ្តារាជធានីខេត្តផ្សេងៗមិនមានពេលវេលាគ្រប់គ្រាន់វិលត្រឡប់ទៅស្រុកកំណើតធ្វើអត្តសញ្ញាណប័ណ្ណថ្មី។
យុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណថ្មីដល់ពលរដ្ឋគ្រប់អាយុ ពលរដ្ឋបាត់ ហួសសុពលភាព ឬខូចអត្តសញ្ញាណប័ណ្ណនេះ ធ្វើឡើងក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋ ពិសេសការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ៕អត្ថបទ៖ ឈឹម មករា





