អឺរ៉ុបខាងជើង៖ មេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុបខាងជើងចំនួន ១០ប្រទេសបាននិយាយថា ពួកគេនឹងបន្តការគាំទ្រដល់អ៊ុយក្រែនប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ខណៈមេដឹកនាំទាំងនេះបានចាប់ផ្តើមកិច្ចប្រជុំនៃកងកម្លាំងបេសកកម្មរួម ដឹកនាំដោយចក្រភពអង់គ្លេស (JEF) នៅទីក្រុង Riga។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្នើឱ្យមេដឹកនាំនៅក្នុងសុន្ទរកថាតាមវីដេអូមួយ ឲ្យផ្គត់ផ្គង់ប្រព័ន្ធសព្វាវុធឲ្យបានច្រើនដើម្បីជួយបញ្ចប់ជម្លោះដ៏ឃោរឃៅរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ឱ្យបានឆាប់។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានស្វាគមន៍លោក Zelenskiy សម្រាប់ការដាក់ចេញនូវជំនួយបន្ថែមទៀតដែលដោយអ៊ុយក្រែនត្រូវការ ហើយបាននិយាយថា មេដឹកនាំនឹងពិភាក្សាអំពីវិធីដើម្បីផ្តល់ជំនួយ។
ថ្លែងនៅមុនពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិហូឡង់លោក Kajsa Ollongren បាននិយាយថា ការគាំទ្រពីប្រទេសទាំង ១០ នឹងមានជាដរាបណាសម្រាប់តម្រូវការរបស់អ៊ុយក្រែន។ កិច្ចប្រជុំនៃកងកម្លាំងបេសកកម្មរួមដឹកនាំដោយចក្រភពអង់គ្លេស ត្រូវបានរៀបចំដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សចំពោះវិបត្តិនៅអឺរ៉ុបខាងជើង ហើយត្រូវបានបង្កើតឡើងដោយប្រទេសដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ អ៊ីស្លង់ ឡាតវី លីទុយអានី ហូឡង់ ន័រវេស ស៊ុយអែត និងចក្រភពអង់គ្លេស៕
អត្ថបទ៖ ប៊ុនថន