ភ្នំពេញ៖ មកដល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប មានក្រុមហ៊ុនវិនិយោគបរទេសចំនួន៤ បានដាក់ពាក្យស្នើសុំសិក្សា ដែលគម្រោងផ្លូវនេះ មិនខុសគ្នាពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនោះទេ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលហៅថា ឆៀក សាខាផ្សារដីហុយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនបានផ្ដល់គុណសម្បត្តិច្រើនដល់ប្រទេសជាតិយើង ក្នុងការរីកចម្រើនប៉ូលសេដ្ឋកិច្ចខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចសៀមរាប។ ការធ្វើដំណើរគឺត្រូវបានកាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់ និងផលប្រយោជន៍ជាច្រើនផងដែរ ពីការដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានប្រែក្លាយ និងនាំទេសចរណ៍ច្រើនទៅលេងក្រុងព្រះសីហនុ សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការដឹកជញ្ជូនឆ្លងកាត់ គឺតភ្ជាប់ពីប្រទេសថៃ កម្ពុជា និងវៀតណាម ដែលនឹងផ្ដល់សេវាល្អ និងកាត់បន្ថយតម្លៃដឹកជញ្ជូន។
បើតាមការបញ្ជាក់ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប មិនខុសគ្នាពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នោះទេ ទាំងលក្ខណៈបច្ចេកទេស និងគន្លងផ្លូវ ល្បឿនក៏ត្រូវកំណត់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោងដូចគ្នាផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា