
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅក្នុងដំណាច់ឆ្នាំ២០២២ កម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកើនដល់ ២លាន ២សែននាក់ លើសការរំពឹងទុក ហើយភ្ញៀវទេសចរជាតិអន្តរជាតិដែលមានស្រាប់នៅក្នុងស្រុក ចេញដើរកម្សាន្តកើនដល់ជិត ១១លាននាក់។
ក្នុងឱកាសបើកកិច្ចប្រជុំវឌ្ឍនភាពការងារសម្របសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ នៅតំបន់ច្រកទា្វរព្រំដែនអន្តរជាតិទូទាំងប្រទេស ថ្ងៃទី២០ ខែធ្នូនេះថា គ្រប់ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ភាគច្រើនជាភ្ញៀវមកពីបណ្តាជិតខាងយើង ដោយឡែកភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសចិន គឺមិននៅទាន់មានច្រើនខ្លាំងនោះទេ ហើយក្រៅពីនេះ ក៏មានភ្ញៀវមួយចំនួនមកពីអាមេរិច ឡាវ ឥណ្ឌូនេស៊ី កូរ៉េ បារាំង ម៉ាឡេស៊ី និងអង់គ្លេសជាដើម។
ឯកឧត្តម ថោង ខុន បន្តថា ការខិតខំកម្ពុជា ក្នុងការទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា គឺយើងនៅជួបបញ្ហាប្រឈមមួយចំនួនដូចជា កម្ពុជា ពុំមានក្រុមហ៊ុនអាកាសចរណ៍ ទៅនាំភ្ញៀវទេសចរអន្តរជាតិ នៅបណ្តាប្រទេសឆ្ងាយៗមកទស្សនាកម្ពុជា និងពុំមានជើងហោះហើរត្រង់ច្រើនជាមួយប្រទេសទីផ្សារធំជាដើម។
នៅក្នុងដំណាក់កាលនេះ ឯកឧត្តម រដ្ឋមន្ត្រីទេសចរណ៍ ក៏បានណែនាំវិស័យឯកជន និងភាគីពាក់ព័ន្ធ ខិតខំផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ ជាពិសេសការផ្សព្វផ្សាយទាក់ទាញទេសចរឥណ្ឌា និងទេសចរបណ្តាប្រទេស ដែលបានបើកប្រទេសទូលំទូលាយជាដើម។
យ៉ាងណាក៏ដោយ ឯកឧត្តម បានបង្ហាញក្តីរំពឹងថា នៅក្នុងឆ្នាំ២០២៣ ទេសចរក្នុងស្រុក ចេញដើរកម្សាន្តកើនលើសការរំពឹងទុក១១លាននាក់ ដោយឡែកសម្រាប់ភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ ៧លាននាក់ នៅក្នុងឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនេះ លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA ក៏បានស្នើរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងស្ថាប័នជួយសម្របសម្រួលការធ្វើការវីហ្សា ការធ្វើវីហ្សានៅពេលភ្ញៀវមកដល់ព្រំដែន និងស្នើរាជរដ្ឋាភិបាល ជួយសម្របសម្រួលក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក បង្កើតឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់ពីបណ្តាប្រទេសមួយចំនួន ជាពិសេស ហោះត្រង់ជាមួយប្រទេសឥណ្ឌា ខណៈប្រទេសចិន កំពុងមានភាពយឺតយ៉ាវក្នុងការបើកប្រទេសវិញនេះ៕ អត្ថបទ៖ ស៊ុម សុខជា


