ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានអំពាវនាវជាថ្មី ដល់ពលរដ្ឋនោទូទាំងប្រទេស ឲ្យចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ក៏ដូចជាការទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ ឲ្យបានឆាប់រហ័ស។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានកូសបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលកោះពេជ្រដល់ប្រមាណជិត២៦០០គ្រែ ក្រុមការងារបានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ មួយកន្លែងទៀតនៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងករណីមានតម្រូវការចាំបាច់។
ឯកឧត្តម បានមានប្រសាសន៍ទៀតថា រូបលោកផ្ទាល់ និងក្រុមការងារសង្ឃឹមថា ការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ១៩ នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់គ្រប់មុខ ហើយទីតាំងដែលយើងរៀបចំទាំងនេះ នឹងមិនមានតម្រូវការប្រើប្រាស់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏យើងនឹងខិតខំប្រឹងប្រែងរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ ទាំងនេះ ឲ្យបានឆាប់រហ័ស និងបានល្អ ក្នុងករណីមានតម្រូវការចាំបាច់ក្នុងការទទួលព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។
បន្ថែមបីលើនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តន៍ក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕





