ឃីកបុកស៊ីង៖ ក្រុមប្រតិភូ និងកីឡាករ-កីឡាការិនីជម្រើសជាតិឃីកបុកស៊ីងកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយកាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតជើងឯកអាស៊ី Asian Kickboxing Championships 2022 ដោយជោគជ័យដោយដណ្ដើមបានមេដាយសរុប ១២គ្រឿង (មាស ២ ប្រាក់ ៥ និងសំរឹទ្ធ ៥) នៅប្រទេសថៃកាលពីថ្មីៗ។
ដំណើរមាតុភូមិនិវត្តន៍ អមជោគជ័យដ៏ត្រចះត្រចង់របស់អត្ដពលិកឃីកបុកស៊ីងកម្ពុជានេះ បានទទួលការអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា និងជាអ្នកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះបានគូសបញ្ជាក់ថា ជោគជ័យផ្ដើមចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកីឡាទាំងអស់រហូតធ្វើឲ្យបណ្ដាប្រទេសជាច្រើន ពិសេសម្ចាស់ផ្ទះថៃមានការភ្ញាក់ផ្អើលចំពោះភាពរីកចម្រើន និងសមត្ថភាពរបស់កីឡាករ-កីឡាការិនីកម្ពុជា។ សមិទ្ធផលនេះសបញ្ជាក់ឲ្យឃើញពីការត្រៀមខ្លួនរួចរាល់របស់កីឡាឃីកបុកស៊ីងកម្ពុជា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។
គួរដឹងថា ការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ីឆ្នាំ២០២២ នេះបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែធ្នូកន្លងទៅ ដោយមានអត្តពលិក ១៨ប្រទេសមកពីបណ្ដាប្រទេសអាស៊ីចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីកម្ពុជាចំនួន ១៧រូបផងដែរ ហើយដណ្ដើមបានមេដាយសរុប ១២គ្រឿងរួមមានមេដាយមាស ២ ប្រាក់ ៥ និងសំរឹទ្ធ ៥។ ចំពោះមេដាយមាសដណ្ដើមបានដោយកីឡាករ សុខ រិទ្ធ និងកីឡាករ ឃួន ឡាំងកូស៊ីន ដែលបានយកឈ្នះកីឡាករអ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថានក្នុងវគ្គផ្ដាច់ព្រ័ត្រដោយពិន្ទុដូចគ្នា៕
អត្ថបទ៖ លី ឈុនឡា