បារាំង៖ លោកប្រធានាធិបតីបារាំង Emmanuel Macron បានបញ្ជាក់ជាថ្មីពីជំនឿចិត្តរបស់លោកថា ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែននឹងត្រូវបានដោះស្រាយ តាមរយៈការចរចាដោយជៀសមិនផុត ហើយថា ពិសេសលោកខាងលិច និងសម្ព័ន្ធយោធាណាតូ នឹងត្រូវតែផ្ដល់ការធានាសន្តិសុខមិនមែនសម្រាប់តែទីក្រុង Kiev ប៉ុណ្ណោះទេគឺទីក្រុង Moscow ផងដែរដើម្បីធានាបានសន្តិភាពយូរអង្វែង។
កាលពីថ្ងៃអង្គារ ទី២០ ខែធ្នូសប្ដាហ៍នេះលោក Macron បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ TF1 និង LCI ថា ថ្ងៃនៃសន្តិភាពនឹងត្រូវបានដោះស្រាយតាមរយៈការពិភាក្សា។ ជាលើកដំបូង និងអាទិភាពមុនគេបង្អស់សម្រាប់ការធានាដល់អ៊ុយក្រែនសម្រាប់បូរណភាពទឹកដីរបស់ខ្លួន និងសម្រាប់សន្តិសុខស្ថិតឋេររបស់ខ្លួន។ ប៉ុន្តែក៏ត្រូវតែមានសម្រាប់រុស្ស៊ីផងដែរ ជាយន្តការដែលនឹងនាំទៅរកបទឈប់បាញ់ និងសន្ធិសញ្ញាសន្តិភាព។
មេដឹកនាំបារាំងរូបនេះបានបញ្ចេញទស្សនៈជាលើកដំបូង នៃការផ្ដល់ការធានសន្តិសុខឲ្យរុស្ស៊ីកាលពីដើមខែនេះ ដោយលើកឡើងថា មួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើន ដែលសម្ព័ន្ធយោធាណាតូត្រូវតែដោះស្រាយគឺក្ដីកង្វល់របស់រុស្ស៊ី ដែលថា ប្លុកយោធានេះបានរំកិលខ្លួនចូលទៅជិតមាត់ទ្វារផ្ទះរបស់ខ្លួន និងការដាក់ពង្រាយអាវុធដែលអាចគំរាមកំហែងដល់រុស្ស៊ី។ ការអត្ថាធិប្បាយរបស់លោកបានបង្កឲ្យមានការរិះគន់ជាច្រើន មិនត្រឹមតែពីទីក្រុង Kiev ប៉ុណ្ណោះទេ ថែមទាំងពីបណ្ដាមេដឹកនាំសហភាពអឺរ៉ុបដូចជាប៉ូឡូញ ស្លូវ៉ាគី និងរដ្ឋនៅតំបន់បាល់ទិកផងដែរ៕
អត្ថបទ៖ សុខមាន