ស៊ីហ្គេម៖ គណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបន្ដបើកកិច្ចប្រជុំជាមួយគណៈកម្មការជំនាញរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាសេសសល់ ខណៈថ្នាក់ដឹកនាំបានជំរុញគ្រប់គណៈកម្មការជំនាញ ត្រូវរួចរាល់មុនដំណាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំ២០២៣ ដែលជាឆ្នាំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានត្រួតពិនិត្យិវឌ្ឍនភាពការងាររបស់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់ ពិសេសពិនិត្យមើលបញ្ហាប្រឈមទាំងអស់ ដើម្បីដោះស្រាយឲ្យទាន់ពេលវេលា ក្នុងនោះឯកឧត្តមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់លើគណៈកម្មការស្នាក់នៅ ហូបចុក ការទទួលបដិសណ្ឋារកិច្ច និងទីលានប្រកួតជាដើម។
សូមបញ្ជាក់ថា កីឡាស៊ីហ្គេមលើកទី៣២ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការនៅថ្ងៃទី០៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយបើគិតពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃបើកគឺនៅសល់រយៈពេល ១៣៥ថ្ងៃគត់។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្ដែមុនឈានដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃការទន្ទឹងរង់ចាំអស់ ៦៤ឆ្នាំនេះ កម្ពុជានឹងមានកម្មវិធីជាច្រើនទៀត ដូចកម្មវិធីរាប់ថយក្រោយ ១០០ថ្ងៃឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ដែលគ្រោងរៀបចំនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ និងកម្មវិធីរត់ភ្លើងគប់ ក៏ដូចជាកម្មវិធីផ្សេងៗទៀត៕
អត្ថបទ៖ លី ឈុនឡា