បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានត្រលប់មកដល់ប្រទេសកំណើតវិញ និងធ្វើពិធីដង្ហែពាននៅរដ្ឋធានី Buenos Aires ដោយមានប្រជាជនចាំអបអរខ្ទង់លាននាក់។

កីឡាកររបស់អាហ្សង់ទីនបានអបអរបង្ហាញពាន World Cup របស់ខ្លួននៅរថយន្តក្រុងចំហរដំបូលនៅតាមដងវិថីធំៗក្នុងទីក្រុង Buenos Aires តែការដង្ហែនោះមិនបានយូរប៉ុន្មានឡើយ កីឡាករទាំងអស់ត្រូវបានជម្លៀសឡើងឧទ្ធម្ភាគចក្រវិញ ដោយសង្កេតឃើញថាអារម្មណ៍ហាក់ពុះកញ្ជ្រោលពេក។ ដំបូងនៅពេលរថយន្តក្រុងចូកក្រោមស្ពានថ្មើរជើងក៏មានអ្នកគាំទ្រលោតចុះមក និងម្នាក់ទៀតលោតខុសរថយន្ត។ ស្ថានភាពទូទៅនៃការអបអរហាក់កាន់តែពិបាកគ្រប់គ្រង ទើបឈានដល់ការជម្លៀសកីឡាករឡើងឧទ្ធម្ភាគចក្របែបនេះ។
រដ្ឋាភិបាលអាហ្សង់ទីនបានប្រកាសថា ថ្ងៃអង្គារម្សិលមិញគឺជាថ្ងៃសម្រាករបស់ជាតិតែម្តង ដើម្បីអបអរការឈ្នះពានបាល់ទាត់ពិភពលោកលើកទី៣ ក្នុងប្រវត្តិសាស្ត្រអាហ្សង់ទីន និងជាលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំក៏ដូចជាលើកដំបូងក្នុងអាជីពបាល់ទាត់របស់ Lionel Messi។ បើតាមការឱ្យដឹងពីអាជ្ញាធរថា អ្នកគាំទ្រនៅទីក្រុង Buenos Aires ដែលរង់ចាំអបអរសាទរក្រុមអាហ្សង់ទីននោះមានចំនួនលើសពី ៤លាននាក់៕
អត្ថបទ៖នាង សុភាវុធ