អ៊ុយក្រែន៖ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងធ្វើទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធនេះ សម្រាប់ជំនួបដែលអាចធ្វើទៅបានជាមួយប្រធានាធិបតីលោក Joe Biden និងថ្លែងសុន្ទរកថាទៅកាន់សភា។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Zelenskyy ទៅបរទេសចាប់តាំងពីប្រទេសរុស្ស៊ីបានវាយលុកលើអ៊ុយក្រែនក្នុងខែកុម្ភៈ។ យោងតាមសេចក្តីការណ៍បានឱ្យដឹងថា ជំនួបនៅសេតវិមានដ៏មានសក្តានុពលអាចបង្ហាញពីសេចក្តីប្រកាសដែលរំពឹងទុកពីលោក Joe Biden អំពីកញ្ចប់ជំនួយសព្វាវុធថ្មីសម្រាប់ទីក្រុង Kyiv រួមទាំងមីស៊ីលផាតទ្រីយ៉ូត (Patriot) ផងដែរ។ ប្រធានសភាលោកស្រី Nancy Pelosi បានប្រាប់សមាជិកសភានៅក្នុងលិខិតមួយច្បាប់កាលពីថ្ងៃអង្គារថា សមាជិកសភាគួរតែចូលរួម។ លោកស្រីបានសរសេរដោយគ្មានការពន្យល់ថា សូមមានវត្តមានសម្រាប់ការផ្តោតជាពិសេសលើលទ្ធិប្រជាធិបតេយ្យនៅយប់ថ្ងៃពុធ។ លោក Zelensky ដែលបានដឹកនាំដោយគ្មានការសម្រាករយៈពេល ១០ខែនៃសង្គ្រាមដ៏ឃោរឃៅជាមួយកងកម្លាំងរុស្ស៊ី បាននិយាយជាញឹកញាប់ទៅកាន់មេដឹកនាំ និងអ្នកគាំទ្រជុំវិញពិភពលោក ប៉ុន្តែគ្រាន់តែសន្ទនាតាមទូរស័ព្ទ និងសន្និសីទវីដេអូប៉ុណ្ណោះ។
ការធ្វើដំណើរដែលបានគ្រោងទុករបស់លោកទទួលស្គាល់ថា សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រដ៏សំខាន់បំផុតនៃកិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាម ដោយបានផ្តល់ជំនួយសរុបប្រមាណ ៥០ពាន់លានដុល្លាររួចហើយ រួមទាំងជំនួយផ្នែកសន្តិសុខចំនួន ២០ពាន់លានដុល្លារ។ កាលពីថ្ងៃអង្គារលោក Zelensky បានចុះទៅសួរសុខទុក្ខកងទ័ពអ៊ុយក្រែននៅទីក្រុង Bakhmut ដែលពេលនេះជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នា ជាកន្លែងដែលលោកបានចាត់ទុកទីក្រុងដែលរងការវាយលុកដោយសង្គ្រាមនេះថាជាសមរភូមិមុខ។ ដំណើរទស្សនកិច្ចដោយមិនបានប្រកាសជាមុននេះ ធ្វើឡើងខណៈវិមានក្រឹមឡាំងបានប្រកាសថា លោក Vladimir Putin នឹងជួបមន្ត្រីយោធាជាន់ខ្ពស់នៅថ្ងៃពុធនេះ ដើម្បីថ្លឹងថ្លែងការវាយលុកពេញលេញរបស់រុស្ស៊ី មកលើអ៊ុយក្រែនរហូតមកដល់ពេលនេះ និងកំណត់គោលដៅសម្រាប់ឆ្នាំក្រោយ បន្ទាប់ពីបរាជ័យនៅក្នុងសមរភូមិជាបន្តបន្ទាប់៕
អត្ថបទ៖ ប៊ុនថន