ថៃ៖ កងទ័ពជើងទឹករបស់ប្រទេសថៃបានរកឃើញសាកសពទាហានម៉ារីន ៦នាក់កាលពីថ្ងៃអង្គារ បន្ទាប់ពីនាវាចម្បាំងធន់តូចមួយគ្រឿងបានលិចកាលពីចុងសប្តាហ៍។ ក្រុមយោធាបានព្យាយាមស្វែងរកអ្នកនៅរស់ដោយបានបញ្ជូនឧទ្ធម្ភាគចក្រ នាវាចម្បាំង និងយានដ្រូនដើម្បីស្វែងរកនៅជិតឆ្នេរសមុទ្រភាគកណ្តាលរបស់ខ្លួន។
ទាហានម៉ារីនជាង ១០នាក់នៅតែពុំទាន់បានរកឃើញនៅឡើយ ដោយអ្នកបាត់ខ្លួនទាំងនេះមួយចំនួនគ្មានអាវពោងការពារជីវិតឡើយ។ ជុំវិញឧបទ្ទវហេតុនេះ នាវាដែលបានលិចមានអាវពោងការពារមិនគ្រប់គ្រាន់ សម្រាប់ទាហានម៉ារីនជិះលើនាវាដើម្បីចូលរួមបេសកកម្មនៅឆ្នេរ Sairee ដែលបញ្ហាទាំងអស់នេះនឹងត្រូវស៊ើបអង្កេត។ មនុស្សរាប់សិបនាក់ត្រូវបានបង្ខំឱ្យបោះបង់ចោលនាវា HTMS Sukhothai កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីនាវាត្រូវបានបោកបក់ដោយរលកធំៗ និងមានខ្យល់បក់ខ្លាំង។
នាវាចម្បាំងដែលផលិតដោយសហរដ្ឋអាមេរិកបានប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៨៧ បានដឹកបុគ្គលិកយោធាចំនួន ១០៥នាក់ដែលភាគច្រើនត្រូវបានជួយសង្គ្រោះមុនពេលនាវាលិច។ ប៉ុន្តែមនុស្សច្រើននាក់បានបោះបង់ចោលនាវាដោយការបណ្តែតខ្លួន និងមួយចំនួនមានអាវពោងការពារជីវិត។ នាវានេះមានបញ្ហាម៉ាស៊ីន មុនពេលនាវាបានលិចចម្ងាយប្រហែល ២០ម៉ាយក្នុងសមុទ្រពីខេត្ត Prachuap Khiri Khan៕
អត្ថបទ៖ ប៊ុនថន