អាហ្វហ្គានីស្ថាន៖ ក្រសួងអប់រំថ្នាក់ឧត្តមសិក្សាដែលគ្រប់គ្រង ដោយក្រុមតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារបានផ្អាកការចូលរៀនរបស់និស្សិតស្រីនៅសកលវិទ្យាល័យ រហូតដល់មានការជូនដំណឹងបន្ថែម ដែលបណ្តាលឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក អង់គ្លេស និងអង្គការសហប្រជាជាតិ។

លិខិតមួយច្បាប់ដែលត្រូវបានបញ្ជាក់ ដោយអ្នកនាំពាក្យរបស់ក្រសួងអប់រំថ្នាក់ឧត្តមសិក្សា បានណែនាំដល់សាកលវិទ្យាល័យរដ្ឋ និងឯកជននៅប្រទេសអាហ្វហ្គានីស្ថាន ឱ្យផ្អាកការចូលរៀនរបស់និស្សិតស្រីជាបន្ទាន់ ស្របតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។ សេចក្តីប្រកាសរបស់រដ្ឋបាលក្រុមតាលីបង់ ដែលពុំត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះបានធ្វើឡើង ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉កស្តីពីប្រទេសអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលបរទេស រួមមានទាំងសហរដ្ឋអាមេរិកបាននិយាយថា ការផ្លាស់ប្តូរគោលនយោបាយស្តីពីការអប់រំរបស់ស្ត្រីគឺចាំបាច់ មុនពេលដែលអាចត្រូវពិចារណាទទួលស្គាល់ជាផ្លូវការ នូវរដ្ឋបាលគ្រប់គ្រងដោយក្រុមតាលីបង់ដែលជាទិសដៅត្រូវដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។
ឯកអគ្គរដ្ឋទូតរងប្រចាំអង្គការសហប្រជាជាតិរបស់សហរដ្ឋអាមេរិកលោក Robert Wood ដែលបានចាត់ទុកចំណាត់ការនេះថា ជាការមិនអាចជឿទុកចិត្តបាន បាននិយាយថា សហរដ្ឋអាមេរិកបាននិយាយម្តងហើយម្តងទៀតថា ភាពស្របច្បាប់ និងការគាំទ្រដែលក្រុមតាលីបង់ស្វែងរកពីសហគមន៍អន្តរជាតិ ចាប់ផ្តើមជាមួយនឹងភាពស្របច្បាប់ដែលពួកគេទទួលបានពីប្រជាជនអាហ្វហ្គានីស្ថាន តាមរយៈសកម្មភាពរបស់ក្រុមនេះ។ លោក Barbara Woodward ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ចក្រភពអង់គ្លេសបានមាននិយាយថា បើគ្មានប្រព័ន្ធយុត្តិធម៌ ភាពត្រឹមត្រូវ និងសិទ្ធិទទួលបានការអប់រំនោះទេ ប្រទេសអាហ្វហ្គានីស្ថានពុំអាចពឹងផ្អែកលើខ្លួនឯង និងធ្វើឲ្យរីកចម្រើនបានឡើយ៕
អត្ថបទ៖ ប៊ុនថន