អឺរ៉ុប៖ បណ្តាមេដឹកនាំសហភាពអឺរ៉ុបបានបញ្ចប់កិច្ចប្រជុំកំពូលចុងក្រោយនៃឆ្នាំ២០២២ កាលពីសប្តាហ៍កន្លងទៅនេះ ដោយមានកិច្ចព្រមព្រៀងមួយដើម្បីផ្តល់ហិរញ្ញប្បទានចំនួន ១៨ពាន់លានអឺរ៉ូដល់ប្រទេសអ៊ុយក្រែននៅឆ្នាំក្រោយ និងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី ខណៈសហភាពអឺរ៉ុបក៏បានរៀបចំដើម្បីទប់តម្លៃឧស្ម័នធម្មជាតិ និងជំរុញការទប់ទល់ឧស្សហកម្មរបស់ខ្លួន។

ប្រទេសប៉ូឡូញបានដកការជំទាស់ចុងក្រោយ ចំពោះពន្ធសាជីវកម្មអប្បបរមាជាសកល ដោយបានដាក់ចេញកញ្ចប់នៃកិច្ចព្រមព្រៀងដែលពាក់ព័ន្ធ រួមមានប្រាក់កម្ចីដល់អ៊ុយក្រែនដែលត្រូវបានឈ្លានពានដោយរុស្ស៊ី រយៈពេលឈានចូល ១០ខែមកនេះ។ មេដឹកនាំសហភាពអឺរ៉ុបបានព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មទី៩ ដាក់លើទីក្រុងមូស្គូ សម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែនចូលទៅក្នុងបញ្ជីខ្មៅនូវបុគ្គលជិត ២០០នាក់បន្ថែមទៀត និងរារាំងការវិនិយោគនៅក្នុងឧស្សាហកម្មរុករករ៉ែរបស់រុស្ស៊ីក្នុងចំណោមទណ្ឌកម្មដទៃទៀត។
សេចក្តីសម្រេចដែលតម្រូវឱ្យមានការឯកភាពគ្នាត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសប៉ូឡូញ និងប្រទេសលីទុយអានីបានព្រមានថា ការលើកលែងដែលបានស្នើសុំសម្រាប់សន្តិសុខស្បៀង តាមពិតអាចផ្តល់ផលប្រយោជន៍ដល់ក្រុមអ្នកមានរបស់រុស្ស៊ីនៅក្នុងការធ្វើពាណិជ្ជកម្មជី។ ដោយការកាត់បន្ថយថាមពលកម្តៅនៅក្នុងអគារសហភាពអឺរ៉ុប ជាផ្នែកមួយនៃវិធានការដើម្បីសន្សំថាមពល មេដឹកនាំមួយចំនួនត្រូវបានគេមើលឃើញញ័រខ្លួនដណ្តប់ដោយអាវធំ ខណៈមេដឹកនាំជួបប្រជុំដើម្បីពិភាក្សាអំពីការឆ្លើយតប ចំពោះច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក៕
អត្ថបទ៖ ប៊ុនថន