ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសម្របសម្រួលការធ្វើដំណើរ ដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិទូទាំងប្រទេសហៅថា គ.អ.ច.ទ បានថ្លែងថា កម្ពុជាពុំមានគោលការណ៍តម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិណាត្រូវប្រកាសចំនួនទឹកប្រាក់មុន មុនពេលធ្វើដំណើរការចូលមកទស្សនាកម្ពុជា។
ការថ្លែងបដិសេធរបស់ឯកឧត្តម រដ្ឋមន្ត្រីថោង ខុន បានឡើងក្រោយពីសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា CATAដែលមានបណ្តាញក្រុមហ៊ុនទេសចរណ៍ជិត៣០០ក្រុមហ៊ុន បានរាយការណ៍ថា មានភ្ញៀវទេសចរឥណ្ឌាក្រុមតូចមកពីដាណាំង និងហាណូយប្រទេសវៀតណាម ត្រូវធ្វើដំណើរតាមជើងយន្តហោះកម្ពុជាអង្គរអ៊ែរ K6 ចូលមកកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២ ត្រូវបានមន្ត្រីអន្តោប្រវេសន៍របស់ប្រទេសវៀតណាម ស្នើឲ្យបង្ហាញសាច់ប្រាក់ម្នាក់ៗ២០០០ដុល្លាអាមេរិច ហើយបញ្ហានេះ ឯកឧត្តម រដ្ឋមន្ត្រី បានស្នើឲ្យភាគីដោះស្រាយជាបន្ទាន់ ដើម្បីកុំឲ្យភ្ញៀវបរទេសមានការភ័ន្តច្រឡំ និងអាក់អន់ចិត្ត។
ថ្លែងបញ្ជាក់ប្រាប់BTVនៅក្រោយកិច្ចប្រជុំកិច្ចប្រជុំវឌ្ឍនភាពការងារសម្របសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទា្វរព្រំដែនអន្តរជាតិទូទាំងប្រទេស ល្ងាចថ្ងៃទី២០ ខែធ្នូនេះថា ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការ គ.អ.ច.ទ បានថ្លែងថា សម្រាប់លក្ខខណ្ឌអ្នកដំណើរការបរទេសចូលមកក្នុងទឹកដីកម្ពុជា គឺជាការងារតែមួយគត់របស់មន្ត្រីអន្តោប្រវេសន៍កម្ពុជា ហើយមិនតម្រូវឲ្យមន្ត្រីអន្តោប្រវេសន៍បរទេសណា និងភាគីពាក់ព័ន្ធណា មកនិយាយពីលក្ខខណ្ឌនេះឡើយ។
សម្រាប់ភ្ញៀវទេសចរអន្តជាតិ បានថ្លែងដែរថា ការធ្វើដំណើរទស្សនាកម្ពុជា គឺមានភាពងាយស្រួលខ្លាំងណាស់ ហើយមិនតម្រូវឲ្យភ្ញៀវបរទេសគ្រប់ជាតិសាសន៍ណាប្រកាសទឹកប្រាក់មុន មុនពេលធ្វើដំណើរកម្ពុជានោះទេ។
សូមបញ្ជាក់ថា នៅក្រោយបរិបទក្រោយកូវីដ១៩ ក្នុងធូរសា្រលនេះ គ្រប់ភ្ញៀវអន្តរជាតិទាំងអស់ធ្វើដំណើរចូលមកក្នុងទឹកដីកម្ពុជា បច្ចុប្បន្នគឺបានកាត់បន្ថយការប្រើបណ្ណចាក់វ៉ាក់សាំង ការធ្វើតេស្តរហ័សពេលមកដល់កម្ពុជា ពោលគឺអ្នកដំណើរអន្តរជាតិទាំងអស់គ្រាន់តែ បំពេញសាលាកបត្រចូលកម្ពុជា និងលិខិតបញ្ជាក់របស់គយ និងរដ្ឋាករតែប៉ុណ្ណោះ៕ អត្ថបទ ស៊ុម សុខជា
