
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន អំពាវនាវវិស័យឯកជន និងភាគីពាក់ព័ន្ធនានាទៀត ចូលរួមសហការជាមួយរាជរដ្ឋាភិបាលឲ្យបានខ្លាំងក្លាអនុវត្តយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ ហើយតាមរយៈការអនុវត្តការអនុវត្តយុទ្ធនាការនេះ នឹងជំរុញឲ្យកម្ពុជាទទួលបានភ្ញៀវទេសចរអន្តជាតិមកទស្សនាកើនឡើងខ្ពស់មុនការគ្រោងទុក។
នៅក្នុងពិធីរាត្រីជួបដៃគូអាជីវកម្មមិត្តអ្នកជំនួញប្រចាំឆ្នាំរបស់សមាគមទេសចរណ៍កម្ពុជា CATA នៅល្ងាចថ្ងៃទី២១ ខែធ្នូ នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ថ្លែងថា កម្ពុជានឹងអាចទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់នៅឆ្នាំ២០២៥ មុនការរំពឹងទុកនៅឆ្នាំ២០២៦ ប្រសិនបើនៅក្នុងឆ្នាំ២០២៣នេះ វិស័យឯកជនយើងទាំងអស់គ្នា រួមគ្នាប្រឹងអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជានេះ ឲ្យបានជោគជ័យ។
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បន្តថា នៅក្នុងដំណើរការអនុវត្តយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការពិសេសជាច្រើនអមជាមួយនូវគោលនយោបាយគាំទ្រទេសចរណ៍សំខាន់មួយចំនួន និងមានផែនទីចង្អុលផ្លូវមួយចំនួនទៀត ដែលនឹងដាក់ចេញដើម្បីឲ្យវិស័យរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធទាំងអស់អនុវត្ត និងធ្វើឲ្យបានជាពិសេសការផ្តល់សេវាបដិសណ្ឋារកិច្ចល្អ អាហាររសជាតិឆ្ងាញ់ គោលដៅទេសចរណ៍ស្អាត សុវត្ថិភាព គុណភាព និងអនាម័យ បរិស្ថានស្អាតជាដើម។
ឯកឧត្តម ថោង ខុន បន្តថា ទន្ទឹមនឹងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ កម្ពុជា ក៏មានការៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗមួយចំនួនផងដែរ ហើយស្របពេលដែល ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ក៏ត្រូវរៀបចំឡើងវិញ ហើយរឹតតែពិសេសទៀតនោះគឺកម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា Sea Game ឆ្នាំ២០២២ និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ផងដែរ។
យ៉ាងណាក៏ដោយ នៅក្នុងដំណាច់ឆ្នាំ២០២២នេះឯកឧត្តម បានរំពឹងថា កម្ពុជានឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ ២លាន ២សែននាក់ ដែលមានប្រមាណជា៣០% នៃចំនួនទេសចរអន្តរជាតិសរុបនៅក្នុងឆ្នាំ២០១៩ ហើយទេសចរផ្ទៃក្នុងនឹងកើនដល់ ១១លាននាក់ លើសការរំពឹងទុក។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA ថ្លែងថា បច្ចុប្បន្នសមាគមមានសមាជិកប្រមាណ៤០០ក្រុមហ៊ុនទេសចរណ៍ ដែលបានរួមគ្នារៀបចំយុទ្ធសាស្ត្រផ្នែកឯកជន ដើម្បីប្រកួតប្រជែងទីផ្សារទេសចរណ៍លើឆាកអន្តរជាតិ និងឃោសនាកម្ពុជាជាគោលដៅទេសចរណ៍តាមរយៈការបញ្ជ្រាបខ្លួននៅតាមសមាគមអាស៊ាន អាស៊ានបូកនិងសហគមអឺរ៉ុបជាដើម៕ អត្ថបទ៖ស៊ុម សុខជា








