បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយកាលពីរាត្រីថ្ងៃពុធ ដើម្បីត្រៀមការប្រកួតបន្ទាប់ជាមួយក្រុមម្ចាស់ផ្ទះ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mistubishi Electric Cup 2022 នាថ្ងៃទី២៣ ខែធ្នូស្អែកនេះ បន្ទាប់ពីកម្ពុជាបានយកឈ្នះក្រុមភ្ញៀវហ្វីលីពីន ៣-២ ក្នុងជំនួបបើកឆាកពូល A កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ។

ដំណើរដ៏តក់ក្រហល់នេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជាស្ទើរគ្មានពេលសម្រាកឡើយ មុនជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ីដែលត្រូវធ្វើការប្រកួតដំបូងរបស់ខ្លួនក្នុងពូល។ ជាក់ស្ដែងដោយសារកំឡុងពេលធ្វើដំណើរ ជើងហោះហើរត្រូវបានពន្យារពេលចំនួន ២លើកទៀត បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាធ្វើដំណើរដល់ប្រទេសឥណ្ឌូនេស៊ីនៅម៉ោង ១០៖៤៥នាទី មុនបន្ដដំណើរទៅសណ្ឋាគារស្នាក់នៅដល់យប់ជ្រៅ។ ការណ៍នេះបានធ្វើឲ្យក្រុមកម្ពុជាខកខានការហ្វឹកហាត់ ១លើកកាលពីល្ងាចមិញ ពោលគឺនៅសល់តែការហ្វឹកហាត់ផ្លូវការតែម្ដងប៉ុណ្ណោះនៅល្ងាចថ្ងៃទី២២ ខែធ្នូនេះ ដើម្បីត្រៀមការប្រកួតជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីនាថ្ងៃស្អែក។

ជាការពិតជាមួយកម្មវិធីប្រកួតដ៏មមាញឹកនេះបានធ្វើឲ្យលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាមិនពេញចិត្តឡើយ ដោយលោកពិបាកនឹងទទួលយក ព្រោះកាលវិភាគស្ទើរតែធ្វើឲ្យកូនក្រុមគ្មានពេលសម្រាក បន្ទាប់ពីជួបហ្វីលីពីននៅថ្ងៃទី២០-ធ្នូ ត្រូវធ្វើដំណើរទៅឥណ្ឌូនេស៊ីនៅថ្ងៃទី២១-ធ្នូ ហើយបានហ្វឹកហាត់ម្ដងគត់នៅថ្ងៃទី២២-ធ្នូ មុនការប្រកួតផ្លូវការជាមួយឥណ្ឌូនេស៊ីនាថ្ងៃទី២៣-ធ្នូ ទាំងតែឥណ្ឌូនេស៊ីគឺជាការប្រកួតដំបូង ហើយត្រូវប្រកួតក្នុងផ្ទះពួកគេថែមទៀត។
គួរដឹងថា បច្ចុប្បន្នកម្ពុជាកំពុងកាន់ ៣ពិន្ទុស្មើក្រុមដំរីសឹកថៃ ក្រោយយកឈ្នះការប្រកួតដំបូងរៀងៗខ្លួនក្នុងពូល A នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍នេះ ក្នុងនោះកម្ពុជាបានយកឈ្នះហ្វីលីពីន ៣-២ ខណៈថៃបានយកឈ្នះប្រ៊ុយណេ ៥-០។ ក្រោយជួបឥណ្ឌូនេស៊ីកម្ពុជាត្រូវរង់ចាំដល់ថ្ងៃទី២៩ ខែធ្នូ ដើម្បីបើកទ្វារពហុកីឡដ្ឋានជាតិមរកតេជោ ទទួលក្រុមជម្រើសជាតិប្រ៊ុយណេវិញម្ដង មុនការប្រកួតបញ្ចប់ពូលជាមួយថៃនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា