អាមេរិក៖ លោកប្រធានាធិបតី Joe Biden បានប្រាប់លោកប្រធានាធិបតី Volodymyr Zelensky ថា សហរដ្ឋអាមេរិកនឹងឈរនៅជាប់អ៊ុយក្រែនជានិច្ចនៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី។ លោក Biden បានប្រាប់លោក Zelensky ខណៈលោកកំពុងស្ថិតនៅក្នុងសេតវិមាន ក្នុងដំណើរទស្សនកិច្ចទៅកាន់បរទេសរបស់លោកជាលើកដំបូង ចាប់តាំងពីការវាយលុករបស់រុស្ស៊ីបានចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំនេះ។
លោក Biden បានបញ្ជាក់ពីកញ្ចប់ជំនួយថ្មីមានទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន និងបានសន្យាថានឹងផ្ដល់កញ្ចប់ជំនួយមួយផ្សេងទៀតក្នុងទំហំទឹកប្រាក់ ៤៥ពាន់លានដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការទូទៅ។ លោក Zelensky បានបង្ហាញការដឹងគុណរបស់លោកចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃពុធនោះដែរ លោក Biden បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមិនបារម្ភពីការប្រមូលក្រុមអន្តរជាតិឲ្យរួមគ្នាជួយគាំទ្រដល់អ៊ុយក្រែននោះទេ។ លោក Biden និយាយថា លោកប្រធានាធិបតី Vladimir Putin មិនមានចេតនាបញ្ឈប់សង្គ្រាមដ៏សាហាវឃោរឃៅរបស់លោកឡើយ៕
អត្ថបទ៖ សុខមាន