បាល់ទាត់៖ ក្រុមការពារជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៨ វៀតណាមបានបើកទំព័រប្រកួតដំបូងរបស់ខ្លួននៅពានរង្វាន់ AFF Mitsubishi Electric Cup 2022 ជាមួយនឹងជ័យជំនះធំធេង ៦-០ នៅទឹកដីឡាវ។

Nguyen Tien Linh បានបើកការនាំមុខឱ្យវៀតណាមនៅនាទីទី១៥ មុនពេលដែល Do Hung Dung បន្ថែមមួយគ្រាប់ទៀតមុនចប់វគ្គទី១។ ឈានចូលវគ្គទី២ ម្ចាស់ផ្ទះឡាវគ្មានអ្វីតដៃឡើយ មានតែក្រុមជើងឯក ២សម័យវៀតណាមបង្កើនការនាំមុខ ៤គ្រាប់បន្ថែមទៀតដោយកីឡាករ ៤នាក់រួមមាន Ho Tan Tai, Doan Van Hau, Nguyen Van Toan និង Vu Van Thanh។ លទ្ធផលនេះមានន័យថា ក្រុមរបស់លោក Park Han Seo ឈរលេខ១ ក្នុងពូល B ជាមួយនឹងគ្រាប់ចំណេញ ៦គ្រាប់។ ឡាវប្រកួតបន្ទាប់ត្រូវទទួលសិង្ហបុរីនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ខណៈវៀតណាមត្រូវទទួលភ្ញៀវម៉ាឡេស៊ី។
ក្រឡេកមកម៉ាឡេស៊ីក៏ទទួលបាន ៣ពិន្ទុពីប្រកួតដំបូងរបស់ខ្លួនដែរ តាមរយៈជ័យជំនះតានតឹងនៅទឹកដីមីយ៉ាន់ម៉ា ១-០។ ការប្រកួតនៅទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ក្រុមជើងឯកឆ្នាំ២០១០ ម៉ាឡេស៊ីហាក់មានការលំបាកទំរាំរកបានគ្រាប់បាល់ត្រូវរង់ចាំដល់នាទីទី៥២ ដោយ Faisal Halim។ ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ាគួរតែបានមួយពិន្ទុពីការប្រកួតដំបូងនេះ នៅពេលដែលអាជ្ញាកណ្តាលផ្តល់ពិន័យ ១១ម៉ែត្រក្រោយកំហុសរបស់ Sharul Nazeem ក្នុងប្រអប់គ្រោះថ្នាក់ តែកីឡាករមីយ៉ាន់ម៉ា Win Naing Tun ស៊ុតមិនបានសំរេច សង្គ្រោះបានដោយអ្នកចាំទីម៉ាឡេស៊ី Syihan Hazmi នៅនាទីទី៩០+៤។ ម៉ាឡេស៊ីប្រកួតបន្ទាប់ត្រូវជួបជាមួយឡាវនៅថ្ងៃសៅរ៍ ខណៈមីយ៉ាន់ម៉ាត្រូវទៅទឹកដីសិង្ហបុរីថ្ងៃជាមួយគ្នា៕
អត្ថបទ៖នាង សុភាវុធ