បាល់ទាត់៖ ទីបំផុតក្លិបទាំង ៦ របស់ English Premier League ដែលពាក់ព័ន្ធជាមួយ European Super League នោះបានប្រកាសដកខ្លួនវិញហើយ។ Manchester City ជាក្លិបដំបូងដែលផ្លាស់ប្តូរការសំរេចចិត្ត បន្ទាប់ពីក៏កំពុងរៀបចំបែបបទដកខ្លួនផងដែរ។
ក្លិបបួនផ្សេងទៀតរួមមាន Arsenal, Liverpool, Manchester United និង Tottenham Hotspur សុទ្ធតែសំរេចចិត្តដកខ្លួនដូចគ្នា។ ការប្រកួត European Super League ត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យដែលមានសមាជិក ១២ក្លិបធំនៅអឺរ៉ុប។ ក្លិបបិសាចក្រហម Manchester United បានអោយដឹងថា ក្លិបមើលឃើញពីការចង់បានរបស់អ្នកគាំទ្រ ក៏ដូចជារដ្ឋាភិបាល មុននឹងឈានដល់ការសំរេចចិត្តដកខ្លួននៅពេលនេះ។ ចំណែកក្លិបកាំភ្លើងធំ Arsenal បានចេញសេចក្តីថ្លែងសុំទោសជាសាធារណៈទៅកាន់អ្នកគាំទ្រ ស្របពេលដែលប្រធានក្លិប Spurs លោក Daniel Levy បានបង្ហាញអារម្មណ៍ស្តាយក្រោយចំពោះរឿងនេះ។ ប្រធាន UEFA, លោក Alexander Ceferin ក្រោយមកបានសាទរចំពោះការត្រលប់ក្រោយរបស់ក្លិបអង់គ្លេសទាំង ៦ ដែលសម្លឹងឃើញពីប្រយោជន៍រួម ក៏ដូចជាគ្រួសារបាល់ទាត់អឺរ៉ុបទាំងមូលជាងប្រយោជន៍បុគ្គល។ ក្លិបអង់គ្លេសទាំង ៦ ស្ថិតក្នុងចំណោមក្លិបទាំង ១២ ដែលរួមគ្នាបង្កើត European Super League នេះ ស្របពេលដែលនៅពេលនេះត្រូវបានគេដឹងថា ក្លិបផ្សេងៗទៀតដែលនៅសល់កំពុងត្រលប់ការសំរេចចិត្តដូចគ្នា។
ការសំរេចចិត្តដកខ្លួនពី European Super League របស់ក្លិបទាំង ៦ បន្ទាប់ពីការរិះគន់យ៉ាងចាស់ដៃពីសំណាក់មជ្ឈដ្ឋានទូទៅ ក្លិបបាល់ទាត់តូចៗ កីឡាករបាល់ទាត់ អ្នកវិភាគ ជាពិសេសអ្នកគាំទ្រដែលជាសសរដ៏រឹងមាំរបស់ក្លិប ក៏ដូចជាមានការថ្កោលទោសពី UEFA និង នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ផងដែរ។ សូមបញ្ជាក់ថា ប្រធានក្លឹប Real Madrid លោក Florentino Perez គឺជាអ្នកផ្ដួចផ្ដើមបង្កើតពានរង្វាន់នេះឡើង ជាមួយក្លឹបយក្សនៅអឺរ៉ុបផ្សេងទៀតដូចជា Barcelona, Atletico Madrid, AC Milan, Inter, Juventus, Arsenal, Chelsea, Liverpool, Manchester City, Manchester United និង TottenhamHotspur ដែលជាសមាជិក មានន័យថាប្រសិន European Super League ចេញជារូបរាងនោះក្លិបទាំង ១២ នេះនឹងបង្ហាញមុខជាអចិន្ត្រៃយ៍៕
អត្ថបទ៖នាង សុភាវុធ