វាយសី៖ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានលើកឡើងថា សហព័ន្ធបានខិតខំជំរុញការហ្វឹកហាត់ទាំងមុន និងក្រោយស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីរក្សាបាននូវនិរន្ដរភាពនៃការអភិវឌ្ឍ ឆ្ពោះទៅរកការប្រកួតដោយស្មើមុខមាត់ជាមួយប្រទេសក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងពិធីបិទវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាវាយសីកម្រិត១ ឆ្នាំ២០២២ ក្រោយដំណើរការរៀបចំអស់រយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី១៦-២១ ខែធ្នូនេះ ក្រោមគម្រោងថវិការបស់អង្គការសាមគ្គីអូឡាំពិក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបង្រៀនដោយគ្រូឧទ្ទេសកម្រិតខ្ពស់លោក Sambenthan Sivaperumal មកពីសហព័ន្ធកីឡាវាយសីអាស៊ី (BA)។ ឯកឧត្តមប្រធានសហព័ន្ធបានវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គនេះឡើង ដើម្បីផលិតធនធានគ្រូបង្វឹកកីឡាវាយសីកម្ពុជាឲ្យកាន់តែមានគុណភាពខ្ពស់ ហើយរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ពិសេសការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីដែលពឹងផ្អែកលើគ្រូបង្វឹកមានគុណវុឌ្ឍិខ្ពស់។ ដូច្នេះមិនថាការត្រៀមស៊ីហ្គេម ឬក្រៅស៊ីហ្គេមនោះទេ សហព័ន្ធគឺមានផែនការច្បាស់លាស់ ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យកីឡាវាយសីកម្ពុជាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចូលរួមសរុប ២៥នាក់ (ស្រី ៦នាក់) មកពី ១១ក្លិប-សមាគម និងរាជធានី-ខេត្តដែលសិក្សាចាប់ពីថ្ងៃទី១៦-២១ ខែធ្នូនេះ។ ជាលទ្ធផលមានសិក្ខាកាមទទួលបាននិទ្ទេសល្អមានចំនួន ៥០% និទ្ទេសមធ្យម ២០% និងនិទ្ទេសខ្សោយ ២០%។ ក្រោយពីបញ្ចប់វគ្គនេះ ឯកឧត្ដមសង្ឃឹមថា សិក្ខាកាមទាំងអស់ប្តេជ្ញាចិត្តយកចំណេះដឹងទាំងនេះ ទៅអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកីឡាវាយសីនៅតាមក្លិប និងបណ្តាខេត្តនានាឲ្យមានសក្តានុពល ដូចបណ្តាប្រទេសជិតខាងនៅក្នុងតំបន់៕
អត្ថបទ៖ លី ឈុនឡា