វ៉ូវីណាម៖ កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជា ពៅ សុខា តំណាងយុវជនកម្ពុជាកាលពីថ្មីៗត្រូវបានអញ្ជើញចូលរួមវេទិកាយុវជនថ្នាក់តំបន់អាស៊ាន-អង្គការសហប្រជាជាតិ (UN) ស្ដីពីការទប់ស្កាត់អំពើហិង្សាជ្រុលនិយមតាមរយៈកីឡា (ASEAN-UN Reginal Youth Forum on Prevention Violet Extremism Through Sport) ដែលធ្វើនៅទីក្រុងបាងកក ប្រទេសថៃ។
បន្ទាប់ពីចូលរួមវេទិការអន្ដរជាតិ កញ្ញាបានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដោយក្នុងចំណោមយុវជនអាស៊ានភាគច្រើនដែលជាអ្នកមានបទពិសោធន៍ផ្នែកការងារសង្គម ឬអង្គការក្រៅរាជរដ្ឋាភិបាល ផ្ទុយពីខ្លួនជាអ្នកកីឡា តែបានធ្វើបទបង្ហាញចែករំលែកពីទិដ្ឋភាពជាក់ស្ដែងនៅកម្ពុជា ក្រោមដំបូលសន្ដិភាព ពុំមានហិង្សាអ្វីគួរឲ្យកត់សម្គាល់ ដូចបណ្ដាប្រទេសមួយចំនួន។ អ្វីដែលពិសេសគឺកីឡាការិនីស្រស់សោភារូបនេះ បានលើកយកប្រធានបទ “កីឡារស់ក្នុងសន្ដិភាព” ទៅបង្ហាញក្នុងវេទិកាសាធារណៈនេះ រហូតមានការចាប់អារម្មណ៍ពីបណ្ដាយុវជនអាស៊ាន និងមន្ដ្រី UN ដ្បិតកញ្ញាយល់ថា ច្បាស់ណាស់ កីឡាមិនត្រឹមតែនាំមុខសុខភាព មិត្តភាព សាមគ្គីភាពនោះទេ ថែមទាំងនាំមកនូវកិត្តិយសជូនជាតិ និងសុខសន្ដិភាពថែមទៀត។
គួរដឹងថា កន្លងមកកីឡាការិនី ពៅ សុខា ក៏ត្រូវបានអន្ដរជាតិជ្រើសរើស និងអញ្ជើញចូលរួមចែករំលែកពីបទពិសោធន៍ និងចំណេះដឹងទូទៅពាក់ព័ន្ធកីឡាក្នុងវេទិកាអន្ដរជាតិ ជាក់ស្ដែងកាលពីចុងឆ្នាំ២០២១ កន្លងទៅ កញ្ញាក៏ត្រូវបានលេខាធិការដ្ឋានអាស៊ាន អញ្ជើញចួលរួមកម្មវិធីជជែកពិភាក្សាដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងវិស័យកីឡានៅអាស៊ាន និងការផ្តល់កិត្តិយសដល់ម្ចាស់មេដាយអូឡាំពិក និងប៉ារ៉ាឡាំពិកអាស៊ានតូក្យូ ២០២០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី តាមរយៈសន្និសីទវីដេអូ ក្នុងនាមជាទូតសុច្ឆន្ទៈកីឡាស្ត្រីអាស៊ានរបស់ប្រទេសកម្ពុជា រួមជាមួយ និងទូតសុច្ឆន្ទៈកីឡាស្ត្រីអាស៊ានមកពីប្រទេស ៩ផ្សេងទៀតផងដែរ៕ អត្ថបទ៖ លី ឈុនឡា

