ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា នៅថ្ងៃអនាគតកម្ពុជានឹងរៀបចំឲ្យមានផ្លូវដែកល្បឿនលឿនពីភ្នំពេញមកខេត្តព្រះសីហនុ និងពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវដែកបច្ចុប្បន្នគឺមិនទាន់អាចបម្រើនូវសេចក្តីត្រូវការផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាបានគ្រប់គ្រាន់នៅឡើយទេ ដែលត្រូវការការអភិវឌ្ឍបន្ថែមទៀត។
សម្ដេចតេជោ បន្ថែមថា ការធ្វើផ្លូវដែកល្បឿនលឿនគឺមិនចំណាយពេលយូរនោះទេដោយសារតែកម្ពុជាមានផ្លូវដែកស្រាប់នៅពេលបច្ចុប្បន្ន។
សម្ដេច បានលើកឡើងបន្ថែមថា កម្ពុជាត្រូវការ ការតភ្ជាប់ផ្ទៃក្នុងដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជនកាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។
សម្ដេចថា «បើយើងមិនធ្វើបញ្ហានេះទេរឿងដដែល»។ ទន្ទឹមនោះសម្ដេចតេជោថា ក្រៅពីនោះក៏អាចនឹងមានផ្លូវដែកល្បឿនលឿននៅកន្លែងដទៃទៀតក្នុងប្រទេសផងដែរ៕









