ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន បានសន្យាបន្តរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយវេជ្ជសាស្ត្រ ការផ្លាស់ប្ដូរបទពិសោធន៍ លើការគ្រប់គ្រងកូវីដ-១៩ជាដើម ។
ក្នុងសិក្ខាសាលាស្ដីពីកម្ពុជា-ចិន រួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា មានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចិនបានជួយកម្ពុជាជាច្រើន ក្នុងនោះមានការចាត់បញ្ជូនក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺឆ្លងជាច្រើនលើក មកជួយដល់កម្ពុជា ព្រមទាំងបរិច្ចាគសម្ភារវេជ្ជសាស្ត្រជាច្រើន ក៏ដូចជាវ៉ាក់សាំងជាច្រើនដូស និងច្រើនលើក ដោយជួយឱ្យកម្ពុជាទទួលបានលទ្ធផលល្អក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
ឯកឧត្តម បានបន្តថា រដ្ឋាភិបាលក៏ដូចជាប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន នៅតែបន្តការជួយយកអាសារគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នាជំរុញ និងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺមួយនេះ ហើយថ្មីៗនេះប្រទេសចិនបានកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតម្ដងទៀត ដែលនេះគឺជាការសម្របខ្លួនតាមស្ថានភាពជាក់ស្ដែង និងជាសកម្មភាពខ្លួនផ្ទាល់ ដើម្បីបង្កើនភាពត្រឹមត្រូវនៃការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត ដើម្បីអនុវត្តវិធានការមានប្រសិទ្ធភាព ក្នុងការសម្របសម្រួលសុវត្ថិភាពសុខភាព និងស្ដារឡើងវិញជីវភាពរស់នៅជាប្រក្រតីរបស់ប្រជាជន ។
ក្នុងសិក្ខាសាលានោះ ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ការកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត របស់ប្រទេសចិន ឆ្លុះបញ្ចាំងពីជំហររបស់ប្រជាជន និងស្មារតីនៃការស្វែងរកការពិត និងជឿនលឿនទៅតាមសម័យកាល ។
ឯកឧត្តមអគ្គរដ្ឋទូត បានបន្ថែមថា រដ្ឋាភិបាលចិនបានបង្កើនប្រសិទ្ធភាព និងកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតទៅតាមពេលវេលា និងស្ថានភាព ក្នុងគោលបំណង កាត់បន្ថយផលប៉ះពាល់ នៃការរាតត្បាតរបស់មេរោគមកលើជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ការពារយ៉ាងមានប្រសិទ្ធភាព និងប្រកបដោយវិទ្យាសាស្រ្ត នូវសុវត្ថិភាពអាយុជីវិតប្រជាជន និងធានាឱ្យបាននូវដំណើរការប្រកបដោយសណ្តាប់ធ្នាប់ នៃសេដ្ឋកិច្ច និងសង្គម ។ ស្របពេលជាមួយគ្នានេះ ការកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន គឺអំណោយផលដល់ការផ្លាស់ប្ដូរស៊ីជម្រៅ ជាមួយពិភពខាងក្រៅ និងការចាក់បញ្ចូលថាមពលវិជ្ជមាន ចូលទៅក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ។
គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះ មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ក៏បានឧបត្ថម្ភឧបករណ៍តេស្តរហ័សពិនិត្យរកជំងឺកូវីដ-១៩ ចំនួន៧០ម៉ឺនតេស្ត ជូនដល់ព្រឹទ្ធសភាកម្ពុជាផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ