ភ្នំពេញ៖ ទីផ្សារនាំចូលរថយន្តស៊េរីថ្មីនៅកម្ពុជា បានហក់ឡើងខ្ពស់ ដែលកត្តាទាំងនេះបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាកំពុងមានជីវភាពធូរធារ មានប្រាក់ចំណូលសមរម្យ និងស្របពេលប្រតិបត្តិទីផ្សារហិរញ្ញវត្ថុបានកំពុងកើតឡើងយ៉ាងផុលផុស ក្នុងការផ្តល់លទ្ធភាពប្រាក់កម្ចីជូនប្រជាពលរដ្ឋ។
លោក ងន សាំង អនុប្រធានសម្ព័ន្ធឧសហ្សាកម្មយានយន្តនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន RMA AUTOMOTIVE (CAMBO DIA) លើកឡើងនៅថ្ងៃទី ២២ ខែធ្នូឆ្នាំ២០២២ នេះថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្តស៊េរីថ្មីៗជាច្រើនប្រភេទ បានហូរចូលមកកាន់ទីព្រះរាជាណាចក្រកម្ពុជា និងកំពុងមានវត្តនៅកម្ពុជាកាន់តែច្រើនឡើងៗ នូវគ្រប់ប្រភេទរថយន្ត។
នៅក្នុងឆ្នាំ២០២២នេះ ការនាំចូលរថយន្តបានកើនឡើងប្រមាណជាង ៤០% ក្នុងនោះកំណើនដែលកើនឡើងនេះ ភាគច្រើនគឺជារថយន្តថ្មី ខណៈទីផ្សារលក់រថយន្តមួយទឹកបានធ្លាក់ចុះជាបណ្តើរៗ។
លោក បន្តថា ការប្រើប្រាស់រថយន្តថ្មី កើនឡើងនេះ បានបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍនីរីកចម្រើន ក្នុងនោះប្រជាជនកម្ពុជាក៏ទទួលផលអភិវឌ្ឍន៍រីកចម្រើនគួរជាទីកត់សម្គាល់ផងដែរ ដោយកំពុងមានជីវភាពធូរធារ និងមានប្រាក់ចំណូលរស់នៅសមរម្យ ហើយតាមរយៈនេះផងដែរ បានបង្ហាញឲ្យឃើញនៃកិច្ចដំណើរការលើទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា កំពុងកើតឡើងយ៉ាងផុលផុស ក្នុងការផ្តល់លទ្ធភាពជូនដល់ប្រជាពលរដ្ឋរ ។
សូមបញ្ជាក់ថា ទាក់ទងការនាំចូលយានយន្ត, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា នៅរយៈពេល ៣ ត្រីមាស ឆ្នាំ២០២២ ការប្រមូលចំណូលលើរថយន្ត និងគ្រឿងចក្រ មានចំនួនជាង ៣ ៨៨៩ ប៊ីលានរៀល ត្រូវប្រមាណជាង ៤៧% នៃចំណូលសរុប៕អត្ថបទ៖ សុន រ៉ាឌី
