អាមេរិក៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបង្ហាញដល់សមាជិកសភាសហរដ្ឋអាមេរិក ជាមួយនឹងទង់ជាតិអ៊ុយក្រែនដែលមានស្លាកស្នាមប្រយុទ្ធពីទាហានសមរភូមិមុខ ខណៈលោកបានថ្លែងសុន្ទរកថាទៅកាន់សភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។

លោក Zelenskyy បានថ្លែងទៅកាន់សភាថា អ្នកការពារទីក្រុង Bakhmut បានស្នើសុំឱ្យលោកបង្ហាញទង់ជាតិសមរភូមិប្រយុទ្ធរបស់ពួកគេទៅកាន់សភាសហរដ្ឋអាមេរិក ដែលទង់ជាតិនេះត្រូវបានចុះហត្ថលេខាដោយក្រុមទាហាន។ លោក Zelenskiy បានបង្ហាញទង់ជាតិដល់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris ។ បន្ទាប់មកលោកស្រី Pelosi បានផ្តល់ឲ្យលោក Zelenskiy នូវទង់ជាតិអាមេរិកដែលមានស៊ុម ដែលលោកបានលើកដើម្បីបង្ហាញដល់សភា។ លោក Zelenskyy ក្នុងដំណើរទស្សនកិច្ចទៅបរទេសលើកដំបូងក្នុងពេលសង្គ្រាមបានប្រាប់សភាអាមេរិកថា ជំនួយដល់ប្រទេសអ៊ុយក្រែនគឺជាការវិនិយោគក្នុងលទ្ធិប្រជាធិបតេយ្យ និងពុំមែនជាសប្បុរសធម៌នោះទេ។
ដោយកំពុងស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិកបន្ថែមទៀត សម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុង Kyiv លោក Zelenskiy បានជួបជាមួយប្រធានាធិបតីលោក Joe Biden នៅសេតវិមាននៅពេលដំបូង។ សហរដ្ឋអាមេរិក បានបញ្ជូនជំនួយប្រមាណ ៥០ពាន់លានដុល្លារដល់ទីក្រុង Kyiv ខណៈដែលជម្លោះទឹកដីធ្លីដ៏ធំបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ បានអូសបន្លាយមកដោយបានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងជំរុញឲ្យមនុស្សរាប់លាននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ និងបានបំផ្លាញទីក្រុងជាច្រើន៕
អត្ថបទ៖ ប៊ុនថន