កណ្ដាល៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២២ នៅខេត្តកណ្តាល មានបណ្តាសិស្សានុសិស្ស បានមកជួបជុំគ្នា រងចាំមើលលទ្ធផលការប្រឡងរបស់ខ្លួនដោយចិត្តអន្ទះសារ ខណៈលទ្ធផលការប្រឡងនោះនៅខេត្តកណ្តាល នឹងត្រូវបិទប្រកាសនៅតាមមណ្ឌលប្រឡងចាប់ពីម៉ោង៣លា្ងចនេះតទៅ។
បណ្តាសិស្សដែលបានមកមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាលបានថ្លែងថា ទោះបីជាលទ្ធផលនឹងមានប្រកាសផ្សាយនៅតាមFacebookផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡាក៏ដោយ ការមើលលទ្ធផលដែលគេបិទផ្សាយនៅតាមមណ្ឌលប្រឡងនេះ គឺគេមកមើលរួមគ្នាជាមួយមិត្តភក្តិ ដើម្បីអបអរសប្បាយនឹងលទ្ធផលប្រឡងរបស់គេរួមគ្នា។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានបើកឱកាសឲ្យមន្ត្រី និងអ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយជាង ៣០០០នាក់ ចូលសង្កេតការណ៍តាមត្រួតពិនិត្យតាមដានការប្រឡងក្នុងដំណាក់កាលសរសេរ ហើយក្នុងដំណាក់បន្តបន្ទាប់ ACU បានដាក់មន្ត្រីACU ៣០០នាក់បន្តតាមដានសង្កេតការណ៍នៅក្នុង ដំណាក់កាលកែវិញ្ញាសារ ដំណាក់កាលកាត់ក្បាលវិញ្ញាសារ ដំណាក់កាលបូកពិន្ទុ បញ្ចូលពិន្ទុទៅក្នុងកុំព្យូទ័រ ដំណាក់បោះពុម្ភលទ្ធផល រហូតដល់ដំណាក់ប្រកាសលទ្ធផល គឺមានរលូនល្អប្រសើរនៅគ្រប់ដំណាក់កាល។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បន្តថា ដោយឡែកសម្រាប់ការប្រកាសលទ្ធផលមានភាពលឿនរហ័សមុនការគ្រោងទុកនេះ គឺ ដោយសារ ក្រសួងអប់រំ បានកែទម្រង់ទៅលើការប្រព័ន្ធកុំព្យូរទ័រ ហើយACU ក៏ពិនិត្យឃើញថា អ្នកវាយបញ្ចូលពិន្ទុនៅក្នុងកុំព្យូទ័រគឺមានការពិនិត្យយ៉ាងល្អិនល្អន់បំផុត លឿន និង មិនមានកំហុស ដែលការងារធ្វើលឿនរហ័សនេះ គឺទាំងឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ និងប្រធានACU ឯកភាពគ្នាជម្រុញឲ្យមានការប្រកាសមុនការគ្រោងទុកនេះ ពោលគឺធ្វើហើយភ្លាម ប្រកាសភ្លាម ៕ អត្ថបទ ស៊ុម សុខជា