ចិន៖ ប្រមុខទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា អង្គការសុខភាពពិភពលោកមានការព្រួយបារម្ភខ្លាំងអំពីការរាលដាលកើនឡើងការឆ្លងវីរុស COVID-19 នៅក្នុងប្រទេសចិន ហើយកំពុងគាំទ្រដល់រដ្ឋាភិបាលដើម្បីផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងអ្នកដែលមានហានិភ័យខ្ពស់បំផុតនៅទូទាំងប្រទេស។

កាលពីពេលថ្មីៗនេះករណីឆ្លងវីរុសបានកើនឡើង នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ហើយការព្យាករណ៍បានបង្ហាញថា ប្រទេសចិនអាចប្រឈមការផ្ទុះឡើងករណីឆ្លង និងអ្នកស្លាប់ជាង ១លាននាក់នៅឆ្នាំក្រោយ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា អង្គការសុខភាពពិភពលោក (WHO) មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពវិវត្តនៅក្នុងប្រទេសចិន ដោយការកើនឡើងនៃរបាយការណ៍ជំងឺធ្ងន់ធ្ងរ។

លោក Tedros និយាយថា ទីភ្នាក់ងារត្រូវការព័ត៌មានលម្អិតបន្ថែមអំពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺនេះ ការចូលព្យាបាលនៅមន្ទីរពេទ្យ និងតម្រូវការសម្រាប់ផ្នែកសង្គ្រោះបន្ទាន់ ដែលការគាំទ្រសម្រាប់ការវាយតម្លៃដ៏ទូលំទូលាយចំពោះស្ថានភាព។ ការថ្លែងដូចនេះបានធ្វើឡើង ខណៈរដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាក់ថា អាល្លឺម៉ង់បានបញ្ជូនវ៉ាក់សាំង BioNTech បង្ការវីរុស COVID-19 ដំបូងរបស់ខ្លួនទៅកាន់ប្រទេសចិន ដើម្បីផ្តល់ដូសវ៉ាក់សាំងដល់ជនបរទេសជនជាតិអាល្លឺម៉ង់៕
អត្ថបទ៖ ប៊ុនថន