បាល់ទាត់៖ ការអបអរសាទរ ភាពសប្បាយរីករារបស់អាហ្សង់ទីនដែលលើកពានបាល់ទាត់ពិភពលោក ២០២២ នៅកាតា ត្រូវបានបង្អាក់ដោយការបាត់បង់ជីវិតរបស់អ្នកគាំទ្រម្នាក់វ័យ ២៤ឆ្នាំអំឡុងពេលដង្ហែពានរបស់អាហ្សង់ទីននៅរដ្ឋធានី Buenos Aires។

Lionel Messi រួមជាមួយមិត្តរួមក្រុម និងគ្រូបង្វឹក Lionel Scaloni បានចេញមកអបអរដង្ហែពានបាល់ទាត់ពិភពលោករបស់ខ្លួននៅរថយន្តក្រុមចំហរដំបូល ក្រោមការសាទរពីប្រជាជនអាហ្សង់ទីនប្រមាណជាជាង ៤លាននាក់នៅរដ្ឋធានី Buenos Aires។ ក្រោយមកការអបអររបស់អាហ្សង់ទីនត្រូវបានកាត់ផ្តាច់ ខណៈកីឡាកររបស់អាហ្សង់ទីនទាំងអស់ត្រូវបានជម្លៀសឡើងឧទ្ធម្ភាគចក្រ ដោយសារស្ថានភាពនៃការអបអររបស់អ្នកគាំទ្រ ហាក់ពុះកញ្ជ្រោលឈានដល់ភាពអនាធិបតេយ្យ បាត់បង់ម្ចាស់ការ។
រដ្ឋមន្ត្រីសុខាភិបាលអាហ្សង់ទីនបានឱ្យដឹងថា អ្នកគាំទ្រម្នាក់ដែលលោតពីលើស្ពានថ្មើរជើង មកលើរថយន្តក្រុងអបអររបស់អាហ្សង់ទីនតែបែជាធ្លាក់ដល់ដី ហើយក៏បានស្លាប់នៅមន្ទីរពេទ្យដោយសារប៉ះពាល់ដល់ក្បាល។ ចំណែកក្មេងប្រុសម្នាក់ទៀតវ័យទើបតែ ៥ឆ្នាំក៏កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ផងដែរ ដោយសាររបួសក្បាលធ្ងន់ធ្ងរអំឡុងពេលអបអរជាមួយឪពុកម្តាយរបស់ខ្លួន៕
អត្ថបទ៖នាង សុភាវុធ