ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ថ្លែងថា វេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា លើកទី៣ ដែលធ្វើឡើងនៅកម្ពុជា បានធ្វើឲ្យកិច្ចសហប្រតិបត្តិការអាស៊ាន និងឥណ្ឌា កាន់តែមានភាពទូលំទូលាយ ។
ក្នុងពិធីបិទវេទិកា ឫសគ់នវានុវត្តន៍អាស៊ាន-ឥណ្ឌា លើកទី៣ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ បានផ្តល់នូវវេទិកាសម្រាប់អ្នកចូលរួមទាំងអស់ ក្នុងការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ នៃឫសគល់នវានុវត្តន៍ក្នុងចំណោមសហគមន៍អាស៊ាន និងឥណ្ឌា ។
ឯកឧត្តមមានសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា នឹងកាន់តែទូលំទូលាយ ហើយភាគីទាំងពីរ នឹងបន្តចែករំលែក អនាគតដ៏ត្រចះត្រចង់ជាមួយគ្នា ។
ក្នុងពិធីនេះ ប្រធានគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) កម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បានអបអរសាទរជ័យលាភីទាំងអស់សម្រាប់នវានុវត្តន៍របស់ពួកគេ ដែលជ័យលាភីទាំងអស់នេះ ត្រូវបានជ្រើសរើស ក្រុមឆ្នើមពីក្នុងចំណោមក្រុមខ្លាំងៗជាច្រើន ។
ជាមួយនេះ ឯកឧត្តម បានលើកទឹកចិត្តយ៉ាងកក់ក្តៅចំពោះក្រុមជ័យលាភី ឱ្យបន្តការប្តេជ្ញាចិត្តទៅមុខទៀត និងជឿជាក់យ៉ាងមុតមាំថា ក្រុមផ្សេងឯទៀតនឹងនៅតែបន្តទស្សនវិស័យនវានុវត្តន៍របស់ពួកគេ ហើយត្រូវគិតថាអ្នកចូលរួមទាំងអស់គ្នា សុទ្ធតែជាអ្នកឈ្នះ ព្រោះសុទ្ធតែទទួលបាននូវគំនិតនវានុវត្តន៍ ទស្សនាទាន និងការអនុវត្តជាច្រើនដែលត្រូវបានបង្ហាញ និងចែករំលែកក្នុង អំឡុងពេល ព្រឹត្តិការណ៍ ៣ថ្ងៃនេះ ។
វេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា លើកទី៣ រយៈពេល៣ថ្ងៃ នាសាលាតិចណូ បានបញ្ចប់ដោយជោគជ័យ ដោយមានអ្នកចូលរួមបានទទួលនូវការរៀនសូត្រជាច្រើន ពីវាគ្មិនជាច្រើនរូប ដែលការណ៍នេះបានទាក់ទាញគណៈប្រតិភូ និងសិស្ស-និស្សិតចូលរួមប្រមាណ ៣ ០០០នាក់ មកពីរដ្ឋសមាជិកអាស៊ាន និងឥណ្ឌា និងមានប្រទេសចំនួន៩ បានដាក់តាំងនវានុវត្តន៍បច្ចេកវិទ្យាប្រមាណជា ១០០ផងដែរ ។
គួរបញ្ជាក់ថា សម្រាប់ជ័យលាភីលេខ១ ក្នុងការប្រកួតឫសគល់នវានុវត្តន៍ ក្នុងវេទិកានេះ បានទៅលើសិស្សមកពីប្រទេសឥណ្ឌា និងជ័យលាភីលេខ១ ផ្នែកនវានុវត្តន៍ បានទៅលើសិស្សមកពីប្រទេសថៃ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ,



