បាល់ទាត់៖ អតីតខ្សែបម្រើ Real Madrid, Isco Alcaron បានឈានដល់កិច្ចព្រមព្រៀងចែកផ្លូវគ្នាជាមួយក្លិប Sevilla មុនកិច្ចសន្យាកំណត់ដែលមានសុពលភាពដល់ឆ្នាំ២០២៤។ កីឡាករវ័យ ៣០ឆ្នាំរូបនេះបានប្រកាសពីការចាកចេញរបស់ខ្លួននៅថ្ងៃពុធម្សិលមិញ ដែលមានន័យថា គេមានសិទ្ធិផ្លាស់ទៅកាន់ក្លិបថ្មីនៅខែមករាខាងមុខ តាមសំណើរបស់ក្លិបដែលខ្លួនចង់ទៅ។
Isco ត្រូវបានគេដឹងថា មានទំនាក់ទំនងមិនល្អជាមួយនាយកបច្ចេកទេសក្លិប Sevilla លោក Monchi ក្រោយមកក៏ធ្វើការហ្វឹកហាត់ដាច់ដោយឡែក ដោយសារបញ្ហារបួសកជើងមុនពេល World Cup មកដល់។ Isco បានចាកចេញពី Real Madrid ក្រោយកិច្ចសន្យារបស់គេអស់សុពលភាព និងផ្លាស់មកកាន់ Sevilla តាមរយៈការចរចារបស់លោក Julen Lupetegui កាលពីដើមរដូវកាល។ តែក្រោយមកលោក Julen Lupetegui ក៏ត្រូវបានបណ្តេញចេញពីតំណែងកាលពីខែតុលា ក្រោយ Sevilla ចាប់ផ្តើមរដូវកាលមិនបានល្អ និងជំនួសដោយលោក Jorge Sampaoli ហើយ Isco ក៏បាត់បង់ជម្រើសដំបូងតាំងពីពេលនោះមក។
រំលឹកថា Isco មានរដូវកាលដ៏ជោគជ័យនៅ Malaga និង Real Madrid ចន្លោះឆ្នាំ២០១២-២០១៧។ យ៉ាងណាក្តីទំរង់លេងធ្លាក់ចុះ បូករួមទាំងរបួសញាំញីធ្វើឱ្យកីឡាករវ័យ ៣០ឆ្នាំរូបនេះស្ថិតក្រៅជម្រើសរបស់លោក Carlo Ancelotti ហើយ Isco ក៏ចាកចេញពី Real Madrid ក្រោយចំណាយពេល ៩ឆ្នាំនៅទីនោះ៕
អត្ថបទ៖នាង សុភាវុធ