ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២២ ធ្នូ ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផល នៃការ អនវត្តកម្មវិធី ពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
នៅក្នុងកម្មវិធីនេះបានឲ្យដឹងថា កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ គឺជាផ្នែកមួយនៃវិធីសាស្រ្ត មានសសរស្ដម្ភពីរ ដែលត្រូវបានបង្កើតឡើងដោយក្រសួង ទេសចរណ៍ បន្ទាប់ពីការសិក្សាសមិទ្ធិលទ្ធភាព ដែលបានធ្វើឡើង ក្នុងឆ្នាំ២០១៣។ ដំណើរការនោះបាន អនុញ្ញាតឱ្យរកឃើញនូវបញ្ហាសំខាន់ៗ និងបានផ្ដល់អនុសាសន៍និងសកម្មភាពការងារមួយចំនួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រដ្ឋ និង វិស័យឯកជន។
តាមលោកស្រី សង់ឌ្រីន ប៊ូស្ស នាយិកាប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានលេីកឡេីងថា ដើម្បីគាំទ្រសកម្មភាពការងារទាំងនេះ ហិរញ្ញប្បទានឧបត្ថម្ភធនចំនួន ១.៥លានអឺរ៉ូ ត្រូវបានផ្ដល់ជូនក្រសួងទេសចរណ៍ ក្រោមកិច្ចព្រមព្រៀង ដែលបានចុះរវាង AFD និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥។ លោកស្រីបានបន្តថា គម្រោងនេះត្រូវបានរៀបចំឡើងជុំវិញគោលបំណងសំខាន់ៗចំនួនបីគឺ ១.ការរៀបចំរចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពរបស់វិស័យឯកជន ២.ការពង្រឹងសមត្ថភាពរបស់ក្រសួងទេសចរណ៍ និង៣.ការសិក្សា និងគម្រោងសាកល្បង៕ អត្ថបទ ៖ បូរ៉ាវី






