បាល់ទាត់៖ វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele នឹងចំណាយពេលក្នុងឱកាសបុណ្យគ្រីសស្មាសនៅក្នុងមន្ទីរពេទ្យ នេះបើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ ស្របពេលដែលសុខភាពរបស់លោក Pele កាន់តែអាក្រក់ទៅៗ។
បុរសវ័យ ៨២ឆ្នាំរូបនេះត្រូវការការថែទាំសុខភាពរបស់គាត់យ៉ាងយកចិត្តទុកដាក់បំផុត ពីក្រុមជំនាញពេទ្យផ្នែកមហារីកនៅមន្ទីរពេទ្យ Albert Einstein ទីក្រុង Sao Paulo។ មិនត្រឹមតែបញ្ហាជំងឺមហារីកក្រពេញប្រូស្តាតទេលោក Pele ក៏មានបញ្ហាបេះដូងផងដែរ។ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ជំងឺមហារីករបស់លោក Pele កំពុងវិវឌ្ឍកាន់តែព្រួយបារម្ភ តែមិនទាន់ដល់ថ្នាក់សម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយទេ។
ដោយត្រូវបានគេចាត់ទុកថា ជាកីឡាករអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់លោក Pele ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យជាច្រើនលើករួចមកហើយក្នុងឆ្នាំ២០២២ នេះ។ ក្រុមគ្រួសាររបស់លោក Pele រួមមានកូនស្រីទាំងពីរនាក់ Kely Nascimento និង Flavia Arantes បានច្រានចោលព័ត៌មានដែលចុះផ្សាយថា ស្ថានភាពជំងឺរបស់ឪពុកខ្លួនឈានដល់ដំណាក់កាលចុងក្រោយនៃជីវិតហើយ៕
អត្ថបទ៖នាង សុភាវុធ