ភ្នំពេញ៖ សមាគមទីភ្នាក់ងារទេសចរណ៍ CATA និងបណ្តាក្រុមហ៊ុននានាក្នុងវិស័យទេសចរណ៍បានរួមគ្នារៀបចំកម្មវិធីរាត្រីជួបដៃគូអាជីវកម្មមិត្តអ្នកជំនួញប្រចាំឆ្នាំរបស់សមាគម CATA ដែលការប្រារព្ធកម្មវិធីនេះ គឺធ្វើឡើងគោលបំណងថ្លែងអំណរគុណខ្លាំងក្លាទៅដល់ប្រមុខថ្នាក់រាជរដ្ឋាភិបាលដែលបានគ្រប់គ្រងធ្វើឲ្យស្ថានការណ៍កូវីដ១៩ ធូរស្រាលវិញលឿន និងអំពាវនាវបុគ្គលិកទេសចរណ៍ដែលព្យួរការងារសូមត្រឡប់មកធ្វើការងារវិញ។
បើតាមលោកស្រី ឆាយ សៀវលីន ប្រធានសមាគមCATA ថ្លែងប្រាប់BTVល្ងាចថ្ងៃទី២១ ខែធ្នូនេះ ថា តាមរយៈការរៀបចំកម្មវិធីនេះបណ្តាក្រុមហ៊ុនទេសចរណ៍ ពិតជាមានបំណងខ្លាំងចង់បង្ហាញការដឹងគុណ និងអរគុណជាខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានាទៀត ដែលបានខិតខំប្រឹងប្រែងអនុវត្តយុទ្ធនាការទប់ស្កាត់កូវីដ១៩ ការចាក់វ៉ាក់សាំងក្របដណ្តប់ពេញផ្ទៃប្រទេស រហូតមានការបើកប្រទេស បើកទេសចរណ៍ បើកសេដ្ឋកិច្ចវិញបានលឿន ព្រមទាំងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់បណ្តាក្រុមហ៊ុនទេសចរណ៍ផងដែរ។
លោកស្រី ឆាយ សៀវលីន បន្តថា តាមរយៈកម្មវិធីនេះដែរក្រុមហ៊ុនទេសចរណ៍សូមអំពាវនាវបណ្តាបុគ្គលិក និងអ្នកជំនាញទេសចរណ៍ទាំងអស់ ដែលបានព្យួរ ខ្លះឈប់ធ្វើការងារក្នុងបរិបទកូវីដ១៩រាតត្បាតខ្លាំង សូមអញ្ជើញត្រឡប់មកធ្វើការងារវិញ ដើម្បីរួមសហការគ្នាជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ចឲ្យងើបឡើងវិញឆាប់រហ័ស។
បើតាមតំណាងម្ចាស់ក្រុមហ៊ុនទេសចរណ៍ថ្លែងថា រហូតមកដល់ពេលនេះ សម្រាប់ក្រុមហ៊ុនទេសចរណ៍ដែលបានឈប់ ហើយខ្លះបានព្យួរការងារជាច្រើន នៅមិនទាន់ត្រឡប់ចូលធ្វើការងារវិញ តាមការប្រកាសរបស់ក្រុមហ៊ុននោះទេ ខណៈក្នុងអំឡុងកូវីដ១៩រាតត្បាតខ្លាំង គឺមានបុគ្គលិកទេសចរណ៍បានផ្លាស់ប្តូរអាជីពទៅធ្វើការងារផ្សេង។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ថ្លែងថា ស្ថិតក្នុងស្ថានភាព ដ៏លំបាកនៃការរាតត្បាតកូវីដ១៩នោះ អាជីវកម្មទេសចរណ៍ប្រមាណជាង ៤០%នៃអាជីកម្មទេសចរណ៍ទូទាំងប្រទេសបានបិទ/ផ្អាកដំណើរការ ដែលធ្វើឱ្យបុគ្គលិករាប់ម៉ឺននាក់បានបាត់បង់ការងារ ហើយរហូតមកដល់ជិតដំណាច់ឆ្នាំ២០២២នេះ បណ្តាក្រុមហ៊ុនទេសចរណ៍ទាំងអស់បានព្យាយាមបើកដំណើរការអាជីវកម្មវិញស្ទើរតែទាំងអស់ ជាមួយនឹងកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ប្រមាណ ២លាននាក់ និងកំណើនទេសចរក្នុងស្រុកប្រមាណ១១លាននាក់៕ អត្ថបទស៊ុម សុខជា


