កណ្ដាល៖ នៅល្ងាចថ្ងៃទី២២ ខែធ្នូនេះ នៅតាមមណ្ឌលប្រឡងនានា នៅខេត្តកណ្តាល បានបិទផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២។ សម្រាប់ការប្រឡងនេះ បណ្តាបេក្ខជន បេក្ខនារី បានពេញចិត្តលទ្ធផលប្រឡង ហើយគេទទួលយកបាន បើទោះលទ្ធផលស្ថិតក្នុងនិទ្ទិសណាក៏ដោយ។
បើតាមបណ្តាបេក្ខជន បេក្ខនារី ដែលបានប្រឡងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅថ្លែងថា នៅថ្ងៃនេះ យើងមានការសប្បាយចិត្ត និងពេញចិត្តជាខ្លាំងចំពោះលទ្ធផលប្រឡង ដែលយើងធ្វើបាន នៅក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ហើយថា ការប្រឡងនោះ មានភាពសុក្រិត្យយុត្តិធម៌ ត្រឹមត្រូវបំផុត និងទទួលយកបាន ពោល គឺចេះជាប់។
យ៉ាងណាក៏ដោយ បើតាមឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានថ្លែងថា អង្គភាពប្រឆាំងអំពើពុករលួយ ACU នឹងបន្តធ្វើការត្រួតពិនិត្យ ដោះស្រាយ និងបើកការស៊ើបអង្កេត ប្រសិនបើមានបេក្ខជន បេក្ខនារីប្រឡងណា ដាក់ពាក្យបណ្តឹង មិនពេញចិត្តនឹងលទ្ធផលប្រឡងបាក់ឌុបនេះ ខណៈដែល ក្រសួងអប់រំយុវជន និងកីឡា ក៏នឹងទុកពេលប្រមាណ២ទៅ៣សប្តាហ៍ ដើម្បីទទួលការពិនិត្យ និងដោះស្រាយពាក្យប្តឹងនានាពីបណ្តាអ្នកមិនពេញចិត្តនឹងការប្រឡង។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បន្តថា នៅក្នុងការប្រឡងនេះ ACU បានដាក់មន្ត្រី និងអ្នកសង្កេតការណ៍ ACU៣០០០នាក់ ចូលសង្កេតការណ៍តាមត្រួតពិនិត្យតាមដានការប្រឡងក្នុងដំណាក់កាលសរសេរ ហើយក្នុងដំណាក់បន្តបន្ទាប់ ACU ក៏បានដាក់មន្ត្រី ACU ៣០០នាក់ បន្តតាមដានសង្កេតការណ៍នៅក្នុងដំណាក់កាលកែវិញ្ញាសារ ដំណាក់កាលកាត់ក្បាលវិញ្ញាសារ បូកពិន្ទុ បញ្ចូលពិន្ទុទៅក្នុងកុំព្យូទ័រ ដំណាក់កាលបោះពុម្ភលទ្ធផល រហូតដល់ដំណាក់កាលប្រកាសលទ្ធផល គឺមានរលូនល្អប្រសើរនៅគ្រប់ដំណាក់កាល។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បន្តថា ដោយឡែកសម្រាប់ការប្រកាសលទ្ធផលមានភាពលឿនរហ័សមុនការគ្រោងទុកនេះ គឺ ដោយសារ ក្រសួងអប់រំ បានកែទម្រង់ទៅលើការប្រព័ន្ធកុំព្យូរទ័រ ហើយACU ក៏ពិនិត្យឃើញថា អ្នកវាយបញ្ចូលពិន្ទុនៅក្នុងកុំព្យូទ័រគឺមានការពិនិត្យយ៉ាងល្អិនល្អន់បំផុត លឿន និង មិនមានកំហុស៕ អត្ថបទ៖ ស៊ុម សុខជា