រយៈពេលជាង៨០ថ្ងៃ នៃការបើកឱ្យដំណើរការលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តធ្វើចរាចរណ៍សរុបប្រមាណជាង ៨០ម៉ឺនគ្រឿងហើយ (៨៣១,០០០គ្រ) ដែលគិតជាមធ្យមមានយានយន្តធ្វើចរាចរណ៍ប្រមាណ ១ម៉ឺនគ្រឿងក្នុងមួយថ្ងៃ ហើយនៅដំណាច់ឆ្នាំ ឬអំឡុងថ្ងៃបុណ្យឆ្លងឆ្នាំ២០២២-២០២៣ខាងមុខនេះ នឹងមានកំណើនរថយន្តធ្វើដំណើរកាន់តែច្រើន ដែលអាចឈានដល់ការកកស្ទះនៅច្រកចូលទៀតផង។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវល្បឿនលឿនទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ និងសូមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលក្រសួងសាធារណការ និងក្រុមហ៊ុនផ្លូវល្បឿនលឿន បានបំពាក់ជូនឲប្រើប្រាស់ ឬបង់លុយតាមស្លាកលេខរថយន្តជាមុន តាមរយៈទូរសព្ទដៃ ជាមួយធនាគារណាមួយដែលជាដៃគូរបស់ក្រសួង ដូចដែលបានជម្រាបជូនជាបន្តបន្ទាប់ ឬប្រើប្រាស់ឧបករណ៍ OBU ដើម្បីបញ្ចៀសការកកស្ទះនៅច្រកចូល និងចេញ ពិសេសនៅអំឡុងថ្ងៃបុណ្យឆ្លងឆ្នាំខាងមុខ។ ពីព្រោះការប្រើឧបករណ៍ OBU ឬបង់លុយមុននេះ មិនពិបាករងចាំយកកាត ឬអាប់លុយឡើយ។
បើតាម ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ ក្រោយពីក្រសួងបានសហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ក្នុងការរៀបចំធ្វើស្វ័យប្រវត្តិកម្ម ក្នុងការរៀបចំការទូទាត់ប្រាក់ សម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមក សង្គេតឃើញថា គឺមិនមានបញ្ហាកកស្ទះចរាចរណ៍ លើផ្លូវល្បឿនលឿនទៀតនោះទេ ទោះបីមានយានយន្តច្រើនបានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុនេះក៏ដោយ។
ឯកឧត្តមគូសបញ្ជាក់ដែរថា សម្រាប់រយៈពេលចុងក្រោយនេះ កំណើនយានយន្តដឹកទំនិញលើផ្លូវល្បឿនលឿន ក៏មានការកើនឡើងគួរឱ្យគត់សំគាល់ បើធៀបទៅនឹងការបើកដំណើរការដំបូង ហើយជាមួយនឹងទំហំនៃការកើនឡើង នៃការធ្វើចររាចរណ៍លើផ្លូវល្បឿនលឿនរបស់រថយន្តដឹកទំនិញធន់ធំនេះ និងកាន់តែល្អប្រសើរថែមទៀត ព្រោះនឹងធ្វើឱ្យវិស័យឯកជន និងម្ចាស់យានយន្តឯកជនទទួលបានផលចំណេញកើនឡើង តាមរយៈការកាត់បន្ថយពេលវេលា ចំណេញថវិកា និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវផងដែរ។ តែទោះជាយ៉ាងណា កំណើននេះ នៅតែមានចំនួនតិចនៅឡើយ បើធៀបទៅនឹងការរំពឹងទុក មុនពេលបើកឱ្យដំណើរផ្លូវល្បឿនលឿននេះ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។ ផ្លូវល្បឿនលឿននេះសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ ចំណាយថវិកាជិត ២ពាន់លានដុល្លារសហរដ្ឋអាមេរិក និងបានសម្ពោធបើកឱ្យដំណើរជាផ្លូវការដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ២០២២៕ អត្ថបទ៖ ឌី ពៅយី


