អាមេរិក៖ ជើងហោះហើរជាង ៤.៤០០ ត្រូវបានលុបចោលរយៈពេលជាង ២ថ្ងៃ ខណៈព្យុះរដូវរងាដ៏ខ្លាំងក្លាវាយប្រហារសហរដ្ឋអាមេរិក ស្របពេលរដូវឈប់សម្រាកដែលខ្លះបានព្យាករណ៍ថា អាចនឹងជាពេលវេលាដ៏មមាញឹកបំផុតមិនធ្លាប់មាន។

យោងតាមគេហទំព័រ FlightAware ជើងហោះហើរជាង ២.៣៥០ របស់សហរដ្ឋអាមេរិកត្រូវបានលុបចោលកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការពន្យារពេលហោះហើរ ចំណែកឯរថភ្លើង Amtrak បានលុបចោលការធ្វើដំណើរតាមរថភ្លើងរាប់សិបរហូតដល់ថ្ងៃបុណ្យណូអែល ដែលអាក់ខានដល់ការធ្វើដំណើររដូវកាលឈប់សម្រាក សម្រាប់មនុស្សរាប់ម៉ឺននាក់។ ជើងហោះហើរចំនួន ៨.៤៥០ ផ្សេងទៀតត្រូវបានពន្យារពេលកាលពីថ្ងៃព្រហស្បតិ៍នោះដែរ រួមទាំងជាង ១ភាគ៣ នៃជើងហោះហើរដែលត្រូវបានធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ American Airlines, United Airlines និងSouthwest Airlines។
ក្រុមហ៊ុនអាកាសចរណ៍ Southwest បានលុបចោលជើងហោះហើរចំនួន ៨៦៥ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ ក្នុងនោះប្រហែល ១ភាគ៥ នៃជើងហោះហើរដែលបានគ្រោងធ្វើដំណើរ និងបានផ្អាកជើងហោះហើរចំនួន ៥៥០ រួចទៅហើយសម្រាប់ថ្ងៃសុក្រនេះ៕
អត្ថបទ៖ សុខមាន