ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវការពឹងចំពោះប្រទេសចិន នឹងជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កាន់តែមានភាពរីកចម្រើន និងក្លាយជាគំរូរបស់ប្រទេសក្នុងតំបន់អាស៊ាន។
ក្នុងពិធីបិទវេទិកាវិទ្យាសាស្ត្រស្តីពី ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សា កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សុខ ទូច មានប្រសាសន៍ថា កម្ពុជា និងចិន កំពុងមានទំនាក់ទំនងជាមួយគ្នាលើ ៥ចំណុចធំៗ តាំងពីអតីត បច្ចុប្បន្ន រហូតដល់អនាគត ក្នុងនោះមានប្រវត្តិសាស្ត្រ សេដ្ឋកិច្ច វប្បធម៌ បរិស្ថាន និងពេលទៅថ្ងៃអនាគត ។
ឯកឧត្តមបានបន្តថា ក្នុងចំណោមទាំង៥ចំណុចនេះ គឺផ្នែកសេដ្ឋកិច្ច ដោយចិនបានជួយធ្វើឲ្យកម្ពុជាមានការរីកចម្រើនផងដែរ តាមរយៈការវិនិយោគមកលើវិស័យផ្សេងៗ ហើយបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅកម្ពុជា មានការកើនឡើង និងសង្ឃឹមថា នៅពេលចប់កូវីដ-១៩ វិនិយោគគិនចិន នឹងមកបណ្ដាកទុកវិនិយោគនៅកម្ពុជាច្រើនឡើងបន្ថែមទៀត។
ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រំពឹងផងដែរ មិត្តចិននឹងជួយស្ដារដៃព្រែកតភ្ជាប់ទៅខេត្តកំពត ដើម្បីកម្ពុជាងាយស្រួល ក្នុងការនាំផលិតផលទៅកាន់សមុទ្រ ដែលចំណាយតិចលើការដឹកជញ្ជូន ជាងការដឹកតាមរថយន្ត និងរថភ្លើង។
គួរបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន កំពុងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយកម្ពុជាបាននាំយកនូវផលិតផល ក៏ដូចជាកសិផលមួយចំនួន ទៅកាន់ទីផ្សារចិន ក្នុងនោះមាន អង្ករ ស្វាយកែវរមៀត ចេក និងមៀនប៉ៃលិនជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ
