បាល់ទាត់៖ ក្រុមជើងឯកអង់គ្លេស Manchester City បានទំលាក់ក្រុមការពារជើងឯក Liverpool ត្រឹមវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Carabao Cup ជាមួយនឹងជ័យជំនះ ៣-២។

ជាការប្រកួតវាយសម្រុកគ្នាទៅវិញទៅមករវាងក្រុមទាំងពីរ ខណៈក្រុមម្ចាស់ផ្ទះ Manchester City បាននាំមុខមុនរហូតពោលគឺគ្រាប់ដំបូងសំរេចបានដោយខ្សែប្រយុទ្ធន័រវេស Erling Haaland នាទីទី១០ មុនពេលដែល Liverpool តាមស្មើវិញដោយ Fabio Cavalho ១០នាទីក្រោយមក។ ឈានដល់វគ្គទី២ ក្រុមទាំងពីរនៅតែបន្តទំរង់ប្រយុទ្ធដដែលខណៈម្ចាស់ផ្ទះ Manchester City នាំមុខសាជាថ្មីដោយ Riyad Mahrez នាទីទី៤៧។ តែមិនបានប៉ុន្មាន Liverpool ក៏តាមស្មើសាជាថ្មីមួយនាទីបន្ទាប់ដោយ Mohamed Salah មុនពេលដែល Nathan Ake ជាអ្នកសម្រេចគ្រាប់ជ័យជំនះឱ្យ Manchester City នាទីទី៥៨។

ក្រុមរបស់លោក Pep Guardiola នឹងបន្តជួបជាមួយម្ចាស់ផ្ទះ Southampton នៅវគ្គ ៨ក្រុមចុងក្រោយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមុខ។ សម្រាប់ ៨ក្រុមនៅវគ្គ ១/៤ ផ្តាច់ព្រ័ត្ររកឃើញអស់ហើយរួមមាន Southampton ទទួល Manchester City, Manchester United ទទួល Charlton Athletic, Nottingham Forest ទទួល Wolverhampton និង Newcastle ទទួល Leicester City៕
អត្ថបទ៖នាង សុភាវុធ