អាមេរិក៖ សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងបានបញ្ជូនអាវុធឲ្យទៅក្រុមយោធាឯកជនរបស់រុស្ស៊ី ដោយហៅក្រុមនេះថាជាគូប្រជែងសម្រាប់ឥទ្ធិពលក្នុងការការពារជាតិ និងមន្ត្រីផ្សេងទៀតក្នុងវិមានក្រឹមឡាំង។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយថា សហរដ្ឋអាមេរិកនឹងបង្កើនការដាក់ទណ្ឌកម្មលើក្រុមទាហានស៊ីឈ្នួលឯកជនរបស់រុស្ស៊ី Wagner group ក្រោយការលក់រ៉ូកែតបាញ់លើស្មា និងមីស៊ីល របស់កូរ៉េខាងជើងទៅឲ្យក្រុមនេះកាលពីខែមុន ដែលជាការរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។ លោក Kirby បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមទាហានស៊ីឈ្នូរឯកជនរបស់រុស្ស៊ីកំពុងស្វែងរកជុំវិញពិភពលោក សម្រាប់ការផ្គត់ផ្គង់អាវុធដើម្បីគាំទ្រប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។ លោកថា យើងអាចបញ្ជាក់បានថា កូរ៉េខាងជើងបានបញ្ចប់ការផ្គត់ផ្គង់អាវុធដំណាក់កាលដំបូងទៅឲ្យក្រុមនេះ ដែលត្រូវបានចំណាយសម្រាប់គ្រឿងយុទ្ធោបករណ៍នេះ។
លោក Kirby និយាយថា ក្រុមទាហានស៊ីឈ្នួល Wagner ដែលជាក្រុមឯករាជ្យនៃក្រុមហ៊ុនការពារជាតិរុស្ស៊ី និងកំពុងដឹកនាំការឡោមព័ទ្ធទីក្រុង Bakhmut របស់អ៊ុយក្រែនកំពុងចំណាយប្រាក់ជាង ១០០លានដុល្លារអាមេរិកជារៀងរាល់ខែក្នុងប្រតិបត្តិការសង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្តែកូរ៉េខាងជើងនៅសប្ដាហ៍នេះបានច្រានចោល ការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា ខ្លួនបានផ្គត់ផ្គង់អាវុធឲ្យរុស្ស៊ីថាជារបាយការណ៍គ្មានមូលដ្ឋាន៕
អត្ថបទ៖ សុខមាន