ចិន៖ ការកើនឡើងករណីឆ្លងវីរុស Covid-19 កំពុងរាលដាលទូទាំងប្រទេសចិន។ ការកើនឡើងនេះកើតមាន បន្ទាប់ពីរដ្ឋាភិបាលចិនបានបន្ធូរបន្ថយវិធានការប្រឆាំងការឆ្លងដ៏តឹងរ៉ឹងរបស់ខ្លួនកាលពីថ្ងៃទី៧ ខែធ្នូ។ ចំនួនករណីបានកើនឡើងចាប់តាំងពីសប្តាហ៍មុននៅទីក្រុងសៀងហៃ ដែលកង្វះបុគ្គលិកកំពុងបណ្តាលឱ្យមានការពន្យារពេលក្នុងសេវាកម្មដឹកជញ្ជូន។

ក្រុមវេជ្ជបណ្ឌិត និងគិលាននុបដ្ឋាយិកាយ៉ាងហោចណាស់ ៥០០នាក់មកពីខេត្តភាគខាងកើតប្រទេសចិន ត្រូវបានអំពាវនាវឲ្យមកជួយសម្រាលបន្ទុកការងារនៅរដ្ឋធានីប៉េកាំង ខណៈមន្ទីពេទ្យជាច្រើនកំពុងព្យាយាមព្យាបាល និងទប់ស្កាត់ការកើនឡើងករណីឆ្លងវីរុស។ ទីក្រុងសៀងហៃមានប្រជាជនជប៉ុនច្រើនជាងគេក្នុងចំណោមទីក្រុងនានានៅប្រទេសចិន។ អគ្គកុងស៊ុលជប៉ុននៅទីក្រុងនេះនិយាយថា វីរុសកំពុងរីករាលដាលក្នុងចំណោមបុគ្គលិកជប៉ុន និងផ្នែកពាណិជ្ជកម្ម។ ប៉ុន្តែមន្ត្រីបំពេញបេសកកម្មបាននិយាយថា ពុំមានរបាយការណ៍ណាមួយដែលបង្ហាញថា ខ្សែផលិតកម្ម ឬការចែកចាយបានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការកើនឡើងករណីឆ្លងនេះទេ។ នេះជាផ្នែកមួយដោយសារតែលែងមានវិធានការរឹតត្បិតលើការធ្វើដំណើររបស់មនុស្ស។
ប្រព័ន្ធផ្សព្វផ្សាយចិនរាយការណ៍ថា ករណីឆ្លងកំពុងរាលដាលក្នុងចំណោមមន្ត្រីរាជការនៅក្នុងខេត្តមួយចំនួន រួមទាំងខេត្ត Henan និង Shandong។ ពួកគេនិយាយថា អាជ្ញាធរក្នុងតំបន់បានបិទការិយាល័យ ហើយកំពុងអំពាវនាវឱ្យពលរដ្ឋប្រើប្រាស់សេវាកម្ម Online ជំនួសវិញ។ មន្ត្រីទីក្រុង Chengdu ក្នុងខេត្ត Sichuan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានបង្កើតគ្លីនិក B ព្យាបាលជំងឺគ្រុនក្តៅចំនួន ៣០០កន្លែងនៅទូទាំងទីក្រុង ហើយមានមនុស្សរហូតដល់ ៤២,០០០នាក់ក្នុងមួយថ្ងៃកំពុងមកកាន់ទីតាំងទាំងនេះ៕
អត្ថបទ៖ ប៊ុនថន