បាល់ទាត់៖ ខ្សែបម្រើហូឡង់ Frenkie de Jong គឺជាកីឡាករសំខាន់បំផុតរបស់ក្លិប និងមិនដែលមានគម្រោងលក់ចេញឡើយ នេះជាការលើកឡើងរបស់ប្រធានក្លិប Barcelona លោក Joan Laporta។

កីឡាករហូឡង់វ័យ ២៥ឆ្នាំរូបនេះមានទំនាក់ទំនងផ្ទេរកាន់ក្រុម Manchester United ដែលបច្ចុប្បន្នក្រោមការដឹកនាំរបស់អ្នកចាត់សញ្ជាតិហូឡង់ Erik ten Hag។ លោក Laporta បានបន្តថា Frenkie de Jong គឺជាកីឡាករសំខាន់បំផុតម្នាក់របស់ក្លិប ជាកីឡាករវ័យក្មេងដែលមានទេពកោសល្យម្នាក់ ហើយជាកីឡាករដែលក្លិបព្យាយាមរក្សាទុកជាមួយនឹងអនាគតរបស់ក្លិប និងគ្មានគម្រោងលក់ចេញ។ យ៉ាងណាក្តីលោក Laporta បន្តថា ក្លិបនឹងធ្វើគ្រប់យ៉ាងដើម្បីរក្សាកីឡាករវ័យ ២៥ឆ្នាំរូបនេះនៅកីឡដ្ឋាន Camp Nou តែក៏មិនដឹងថា សាមីខ្លួនចង់បន្តនៅ រឺចាកចេញនៅខែមករាខាងមុខរឺអត់នៅឡើយ។
រំលឹកថា Frenkie de Jong បានមកដល់ Barcelona ពី Ajax Amsterdam កាលពីឆ្នាំ២០១៩ នៅពេល Ajax ស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag។ ជាមួយគ្នានោះដែរសារព័ត៌មានអេស្ប៉ាញបានចុះផ្សាយថា ប្រធានក្រុម Barcelona, Sergio Busquet ដែលទើបចូលនិវត្តន៍ពីក្រុមជំរើសជាតិអេស្ប៉ាញនោះ នឹងចាកចេញទៅកាន់ក្របខណ្ឌអាមេរិក Major League Soccer ក្រោយចំណាយពេល ១៥រដូវកាលជាមួយ Barcelona ឈ្នះពានសំខាន់ៗសរុប ៣៣ពាន៕
អត្ថបទ៖នាង សុភាវុធ