សៀមរាប ៖ ឯកឧត្តមបណ្ឌិសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈកម្មការអន្តរក្រសួងការរៀបចំការបោះជំរំយុវជនជាសាកល នៅយប់ថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីបិទបញ្ចប់ការបោះជំរំយុវជនជាសាកលលើកទី០៨ ឆ្នាំ២០២២ ក្រោមប្រធានបទ ការអភិវឌ្ឍនយុវជនក្នុងសង្គមឌីជីថល៖តារារះនាទិសឧត្តរ។ ពិធីបិទបញ្ចប់នេះ ធ្វើឡើងនៅទីតាំងបោះជំរំ ស្ថិតនៅក្បែរជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានការចូលរួមពីតំណាងអន្តរក្រសួង ភ្ញៀវកិត្តិយស អាជ្ញាធរខេត្តសៀមរាប រួមទាំងយុវជនចូលរួមបោះជំរំជាង១០០នាក់ផងដែរ។
បើតាមរបាយការណ៍សង្ខេបបង្ហាញដោយលោកជំទាវស្រូយ សុជាតិអគ្គនាយកនៃអគ្គនាយដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួងរៀបចំការបោះជំរំយុវជនជាសាកល បានឲ្យដឹងថា ក្នុងរយៈពេល៦ថ្ងៃនៃការបោះជំរំនេះ ប្រតិភូជាយុវជនទទួលបានចំណេះដឹងថ្មីៗ ការអភិវឌ្ឍន៍សមត្ថភាព ក៍ដូចជាបានឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងផ្តល់នូវជំនាញ និងបំណិនចាំបាច់ទាំងឡាយដល់ពួកគេ ការវិវត្តរីកចម្រើនរបស់បច្ចេកវិទ្យាក្នុងសតវត្សរ៍ទី២១ ភាពខុសគ្នាក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ពិសេសការត្រៀមខ្លួនរបស់យុវជន ក្នុងការចាប់យកចំណេះដឹង ជំនាញ ដើម្បីអភិវឌ្ឍនខ្លួនឲ្យទាន់សម័យកាល ក៍ដូចជាដើម្បីសម្រេចនូវអនាគតខ្លួនប្រកបដោយទទួលខុសត្រូវ។ សារៈសំខាន់នៃការប្រើប្រាស់លុយកាក់ កម្ចីប្រកបដោយប្រសិទ្ធិភាព ដើម្បីច្រៀវាងការធ្លាក់ក្នុងបំណុលដកខ្លួនមិនរួច ការបង្ហាញដល់យុវជននូវមោទភាពជាតិខ្លួន ដែលបុព្វបុរសបានបន្សល់ទុកឲ្យ ក៍ដូចជាដំណើរការនៃការថែរក្សាការពារតំបន់បេតិកភណ្ឌវប្បធម៌ជាដើម។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានសំដែងការស្វាគមន៍ និងកោតសសើរយ៉ាងកក់ក្តៅចំពោះក្មួយៗយុវជនសមាជិកក្រុមប្រិភូ ដែលបានចូលរួមយ៉ាងសកម្មការបោះជំរំនេះ។ ចំណេះដឹង ជំនាញ ពិសោធន៍ កិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រួវខ្ពស់របស់ក្មួយៗយុវជន គឺជាធាតុផ្សំដែលមិនអាចខ្វះបាន ក្នុងអភិវឌ្ឍន៍ប្រទេសជាតិ នៅថ្នាក់តំបន់ និងសាកលលោកទាំងមូល។ សម្រាប់កម្ពុជា កាអភិវឌ្ឍយុវជន គឺជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល និងជាមូលដ្ឋានដ៍រឹងមាំនៅក្នុងការអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល។
គួរបញ្ជាក់ដែរថា ការបោះជំរំយុវជនជាសាកលលើកទី៨ ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៤ខែធ្នូនេះ ដោយមានការចូលរួមពីយុវជន សរុប ១៨៣នាក់ ក្នុងនោះយុវជនជាប្រតិភូចំនួន ១៥៣នាក់ (ស្រី ៧០%) យុវជនស្ម័គ្រចិត្ត ៣០នាក់ និងមន្រ្តីសម្របសម្រួល និង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន ៥០រូប។ យុវជនជាប្រតិភូ ១៥៣នាក់ ត្រូវបានជ្រើសរើស ជាតំណាងមកពី គ្រប់រាជធានី ខេត្ត និងមកពី កាកបាទក្រហមកម្ពុជា កាយរឹទិ្ធជាតិកម្ពុជា សហភាពសហព័ន្ធ យុវជន កម្ពុជា វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា យុវជនមូស្លីម មជ្ឈមណ្ឌលជាតិ យុវជនកម្ពុជា និង ក្រុមយុវជន ជ័យលាភីកម្មវិធីនានារបស់អគ្គនាយកដ្ឋានយុវជន។
ការបោះជំរំយុវជនជាសាកល គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការជួយឧបត្ថមគាំទ្រពី អ្នកឧកញ៉ាកិត្តិបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគាកាណាឌីយ៉ា ហើយបានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ២០១០មកម្លេះ៕ អត្ថបទ៖ទូច សោភ័ណ





















