បាល់ទាត់៖ នៅពីមុខអ្នកគាំទ្រជាង ២០០០០នាក់ និងពីមុខប្រធានាធិបតី Joko Widodo ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីបានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ២ទល់នឹង១ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ នៅពហុកីឡដ្ឋាន Gelora Bung Karno ទីក្រុងហ្សាការតាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

ដោយទើបតែប្រកួតដំបូងក្នុងពូល A ម្ចាស់ផ្ទះឥណ្ឌូនេស៊ីបើកការនាំមុខ បន្ទាប់ពីលេងបានត្រឹមតែ ៧នាទីប៉ុណ្ណោះពីការស៊ុតបញ្ចូលទីរបស់កីឡាករ Egy Maulana បន្ទាប់ពីកីឡាករ Pratama Arhan បញ្ជួនបាល់ឱ្យ។ មួយគ្រាប់នេះធ្វើឱ្យអ្នកគាំទ្រឥណ្ឌូនេស៊ីរីករាយយ៉ាងខ្លាំង។ ក្រោយមកភាពរីករាយត្រូវបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីគោព្រៃកម្ពុជាតាមស្មើនៅនាទីទី១៦ ពេលដែលកីឡាករ សឿត បារាំង បញ្ជួនបាល់ចេញពីជ្រុញឱ្យ លឹម ពិសុទ្ធ ហើយ ពិសុទ្ធ ក៏បញ្ជួនឱ្យ បារាំង វិញ រួចបញ្ជួនទៅឱ្យ សារ៉េត គ្រីយ៉ា តែតបញ្ចូលទីបានសម្រេច។ យ៉ាងណាក៏ដូចឥណ្ឌូនេស៊ីដាក់សម្ពាធបន្ថែមរហូតរកបានគ្រាប់បាល់នាំមុខជាថ្មីនាទីទី៣៥ ដោយកីឡាករ Witan Sulaeman ពេលដែលកីឡាករ Marselino Ferdinan បញ្ជួនបាល់ឱ្យ។ ចប់តង់ទី១ ឥណ្ឌូនេស៊ីនាំមុខកម្ពុជា ២ទល់នឹង១។

ការប្រកួតតង់ទី២ ទាំងម្ចាស់ផ្ទះ និងភ្ញៀវសុទ្ធមានឱកាសរៀងៗខ្លួន តែធ្វើមិនបានសម្រេច។ ចប់ការប្រកួត គ្រុឌឥណ្ឌូនេស៊ីឈ្នះគោព្រៃកម្ពុជា ២ទល់នឹង១។ អ្នកចាំទីកម្ពុជា កែង សុខសិលា បញ្ជាក់ថា ការប្រកួតនេះពិតជាតានតឹង តែត្រូវឱ្យបានល្អជាងនេះសម្រាប់ប្រកួតបន្ទាប់។ ប្រកួតបន្ទាប់ថ្ងៃទី២៦ ខែធ្នូ ព្រុយណេទទួលឥណ្ឌូនេស៊ី ខណៈកម្ពុជាត្រូវទទួលព្រុយណេដែរនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕
អត្ថបទ៖ គង់ ហួន