ស្វាយរៀង៖ ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២២នេះ ច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀងមានអ្នកដំណើរចេញ-ចូលមកកម្ពុជាសរុបជាង ៥សែន ៣ម៉ឺននាក់មកពី ១២៩សញ្ជាតិ ហើយតួលេខនេះបើប្រៀបធៀបឆ្នាំ២០២១ មានភ្ញៀវកើនឡើងជាង ៨០ភាគរយ។ នេះបើតាមមន្ត្រីជំនួយការច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង លោក ពុធ សុភាកែវ បានប្រាប់ទូរទស្សន៍ BTV កាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
លោក ពុធ សុភាកែវ បានបញ្ជាក់ថា ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២២នេះ មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានធ្វើការសម្របសម្រួលជូនអ្នកដំណើរចេញសរុប ៤សែន ៧ម៉ឺន ៨ពាន់ ៥០០នាក់ មាន ១២១សញ្ជាត្តិ បើប្រៀបធៀបទៅនឹងរយៈពេល ១២ខែ ឆ្នាំ២០២១ មានការកើនឡើង ក្នុងនោះភ្ញៀវបរទេសចេញសរុប ៣សែន ៩ម៉ឺន ១ពាន់ ៦៦៨នាក់ មាន ១២០សញ្ជាតិ និងពលរដ្ឋខ្មែរធ្វើដំណើរចេញទៅប្រទេសផ្សេងៗមានចំនួនជាង ៤ម៉ឺននាក់។
លោកបានបញ្ជាក់ថា កត្តាដែលភ្ញៀវបរទេសបានចូលមកកម្ពុជាច្រើននៅក្នុងរយៈពេល ១២ខែ ឆ្នាំ២០២២នេះ បើតាមការសន្និដ្ឋានគឺភ្ញៀវមានទំនប់ចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល បង្កឲ្យមានសន្តិសុខល្អ ពិសេសរាជរដ្ឋាភិបាលបានធ្វើការបញ្ចៀស និងទប់ស្កាត់ជំងឺកូវីដ១៩ ចម្លងចូលសហគមន៍ និងពលរដ្ឋតាមរយៈការចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅទូទាំងប្រទេស រួមនឹងអនុវត្តវិធានការក្រសួងសុខាភិបាល និងការណែនាំបន្ថែមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣ការពារ និង៣កុំ ទើបមានភ្ញៀវសម្រុកចូលមកលេងកម្សាន្តនៅកម្ពុជាច្រើនបែបនេះ៕ អត្ថបទ៖ ភា សារិត