បាល់ទាត់៖ ល្ងាចនេះក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី ដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ២០២១ ត្រូវបើកយុទ្ធនាការប្រកួតពូល B ដោយត្រូវទទួលសហភាពមីយ៉ាន់ម៉ាម៉ោង ៥និង០០នាទីល្ងាចម៉ោងនៅកម្ពុជា ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ ២០២២។

នេះជាការប្រកួតទី១ របស់សិង្ហបុរី ចំនែកសហភាពមីយ៉ាន់ម៉ានេះជាប្រកួតទីពីរ ខណៈប្រកួតទីមួយចាញ់ម៉ាឡេស៊ី ០ទល់នឹង១ ក្នុងដី។ ប្រកួតថ្ងៃនេះគ្រូបង្វឹកសញ្ជាតិជប៉ុន Takayuki Nishigaya របស់សិង្ហបុរីជួបបញ្ហាប្រឈមដោយកីឡាករឆ្នើមពីររូបគឺខ្សែប្រយុទ្ធ khsan Fandi រួមជាមួយខ្សែបម្រើ Adam Swandi មានរបួសមិនអាចលេងបាន។ ក្នុងសន្និសីទសារព័ត៌មានលោក Nishigaya លើកឡើងថា វាពិតជាខកចិត្តដែលកីឡាករទាំងពីររូបនេះរងរបួស ហើយមិនអាចបន្តការប្រកួតបាន។ ប៉ះជាមួយសហភាពមីយ៉ាន់ម៉ាជាការប្រកួតដំបូង ដូច្នោះត្រូវតែលេងឱ្យបានល្អ។
ចំនែកលោក Antoine Hey គ្រូបង្វឹកសហភាពមីយ៉ាន់ម៉ាសង្ឃឹមថា ក្រុមរបស់លើកអាចជួសជុលស្ថានការណ៍ក្រោយចាញ់ ០ទល់នឹង១ ក្រោមថ្វីបច្ចេកទេសម៉ាឡេស៊ី។ ប្រាំពីរប្រកួតចុងក្រោយសិង្ហបុរីឈ្នះ ៥ប្រកួត ស្មើ១ និងចាញ់១។ ថ្ងៃជាមួយគ្នានេះដែរ ម៉ាឡេស៊ីបើកពហុកីឡដ្ឋានជាតិ Bukil Jalil នៅទីក្រុងគួឡាឡាំពួទទួលក្រុមឡាវ។ ឡាវបើកការប្រកួតចាញ់វៀតណាម ០ទល់នឹង៦ ចំនែកម៉ាឡេស៊ីឈ្នះសហភាពមីយ៉ាន់ម៉ាយ៉ាងលំបាក ០ទល់នឹង១។ ជ័យជំនះការប្រកួតដំបូងបានធ្វើឱ្យលោក Kim Pan-gon គ្រូបង្វឹកម៉ាឡេស៊ីកាន់តែមានទំនុកចិត្តសម្រាប់ប្រកួតទីពីរនេះ។ ៦ប្រកួតចុងក្រោយ ឡាវមិនដែលឈ្នះក្រុមម៉ាឡេស៊ីនោះទេ។ សូមជម្រាបជូនថា ការប្រកួតទាំងពីរប្រកួតនេះ BTV News ផ្សាយផ្ទាល់ពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ីជូនអ្នកគាំទ្រកីឡាបាល់ទាត់៕
អត្ថបទ៖ គង់ ហួន