ចិន៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg ដែលដកស្រង់កំណត់ហេតុពីកិច្ចប្រជុំផ្ទៃក្នុង របស់គណៈកម្មការសុខាភិបាលជាតិរបស់ប្រទេសបានឲ្យដឹងថា មនុស្សជិត ៣៧លាននាក់នៅក្នុងប្រទេសចិនប្រហែលជាបានឆ្លងវីរុស COVID-19 ក្នុងរយៈពេលតែមួយថ្ងៃក្នុងសប្តាហ៍នេះ។

ជាសរុបរបាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្របាននិយាយថា ប្រហែល ១៨ភាគរយនៃចំនួនប្រជាជនរបស់ប្រទេស ២៤៨លាននាក់ទំនងជាបានឆ្លងវីរុស Covid-19 ក្នុងរយៈពេល ២០ថ្ងៃដំបូងក្នុងខែធ្នូនេះ។ ក្រោមគោលនយោបាយគ្មានកូវីដ អាជ្ញាធររបស់ប្រទេសបានដាក់ទីក្រុង និងទីប្រជុំជននានាឱ្យស្ថិតក្រោមវិធានការបិទខ្ទប់ ប្រសិនបើត្រូវបានរាយការណ៍ករណីឆ្លងមួយចំនួន។ បច្ចុប្បន្ននេះដោយវិធានការរឹតត្បិតភាគច្រើនត្រូវបានដកចេញ ប្រទេសចិនបានបញ្ឈប់គោលនយោបាយធ្វើតេស្តទ្រង់ទ្រាយធំ និងលែងរាយការណ៍ករណីដែលគ្មានរោគសញ្ញាទៀតហើយ។ នេះបានបណ្តាលឱ្យមានការព្រួយបារម្ភអំពីការឆ្លងរាលដាល ក្នុងចំណោមប្រជាជនដែលភាគច្រើនមិនបានបង្ហាញវីរុសពិតប្រាកដ។ កាលពីថ្ងៃព្រហស្បតិ៍ ទិន្នន័យសុខភាពរបស់ក្រុមហ៊ុន Airfinity បាននិយាយថា ការវិភាគហានិភ័យនៃករណីស្លាប់របស់ក្រុមហ៊ុនបានឲ្យដឹងថា មនុស្សចន្លោះពី ១.៣លាននាក់ទៅ ២.១លាននាក់អាចស្លាប់នៅក្នុងការផ្ទុះឡើងវីរុស COVID-19 បច្ចុប្បន្ននេះនៅប្រទេសចិន។

ទោះជាយ៉ាងណានៅថ្ងៃដដែលនោះ ប្រទេសចិនបានរាយការណ៍ជាផ្លូវការថា មានតិចជាង ៤,០០០ករណីថ្មីនៃករណីឆ្លងវីរុស Covid-19 ដែលមានរោគសញ្ញានៅទូទាំងប្រទេស ហើយពុំមានអ្នកស្លាប់ដោយសារវីរុសនេះទេ។ ទិន្នន័យចម្រូងចម្រាស់នេះបានបង្កើនការព្រួយបារម្ភនៅក្នុងសហគមន៍អន្តរជាតិ និងបានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ស្នើសុំឱ្យប្រទេសចិនមានតម្លាភាពលើបញ្ហានេះ ក្នុងអំឡុងពេលទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីថ្ងៃសុក្រ។ អង្គការសុខភាពពិភពលោក (WHO) មិនបានទទួលទិន្នន័យពីប្រទេសចិន ស្តីពីការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារវីរុស COVID-19 នោះទេ ចាប់តាំងពីទីក្រុងប៉េកាំងបានដកចេញវិធានការការរឹតត្បិត។ អង្គការសុខភាពពិភពលោកនិយាយថា ស្ថាប័ននេះមានការព្រួយបារម្ភខ្លាំងជាមួយនឹងយុទ្ធសាស្ត្រវីរុស COVID-19 របស់ប្រទេសចិន ហើយបានជំរុញឱ្យទីក្រុងប៉េកាំងបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន៕
អត្ថបទ៖ ប៊ុនថន