អ៊ុយក្រែន៖ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិលអ៊ុយក្រែន ៦,៨២៦នាក់បានស្លាប់ដោយការវាយប្រហាររបស់រុស្ស៊ីចាប់តាំងពីសង្គ្រាមចាប់ផ្តើម។

តួលេខនេះសរុបរួមក្នុងរយៈពេលចន្លោះពីថ្ងៃទី២៤ ខែកុម្ភៈ នៅពេលដែលរុស្ស៊ីចាប់ផ្តើមការវាយលុកដោយយោធារបស់ខ្លួន និងរហូតដល់ថ្ងៃទី១៨ ខែធ្នូ។ ការិយាល័យបាននិយាយថា អ្នកស្លាប់រួមមានកុមារ ៤២៨នាក់។ នៅតាមតំបន់ អ្នកស្លាប់ជាជនស៊ីវិលចំនួន ៤,០៣៦នាក់ត្រូវបានកត់ត្រានៅទីក្រុង Donetsk និង Luhansk ភាគខាងកើត និង ២,៧៩០នាក់នៅក្នុងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន រួមទាំងទីក្រុង Kyiv។ បន្ថែមលើនេះជនស៊ីវិលចំនួន ១០.៧៦៩នាក់បានរងរបួស។ ការិយាល័យបាននិយាយថា តួលេខជាក់ស្តែងគឺខ្ពស់ជាងនេះ ខណៈរបាយការណ៍ពីទីតាំងមួយចំនួនដែលមានជម្លោះខ្លាំងនៅតែបន្ត រួមមានទាំងទីក្រុង Mariupol ដែលកំពុងរង់ចាំការបញ្ជាក់៕
អត្ថបទ៖ ប៊ុនថន