ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ឲ្យប្រើប្រាស់អគារមន្ទីរពិសោធន៍ជាតិសំណង់ ដែលមានតម្លៃប្រមាណជាង ៣លានដុល្លារអាមេរិក សម្រាប់បម្រើដល់ប្រយោជន៍ និងបញ្ជាក់គុណភាពនៃវិស័យសំណង់នៅកម្ពុជា។
ក្នុងពិធីនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តឡើងមន្ទីរពិសោធន៍ថ្មីកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជឿជាក់ថា មន្ទីរពិសោធន៍ជាតិសំណង់នេះនឹងអាចជួយបញ្ជាក់គុណភាពសម្ភារសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ ការសិក្សាស្រាវជ្រាវបង្កើតសម្ភារសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ថ្មីៗ ស្របទៅតាមលក្ខខណ្ឌសេដ្ឋកិច្ច សង្គម បរិស្ថានបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ការបណ្ដុះបណ្ដាល និងណែនាំពីបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដែលបង្កើតឡើងពីការសិក្សាស្រាវជ្រាវ និងបទដ្ឋានបច្ចេកទេសនានាដែលបានចងក្រង។ ឯកឧត្តមបានបន្តថា តាមរយៈស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណងនូវឧបករណ៍ និងម៉ាស៊ីនពិសោធន៍ចំនួន ២០មុខ ក្នុងកញ្ចប់ថវិកាចំនួន ២៥០លានយ៉េន ស្មើនឹង ២,៣លានដុល្លារអាមេរិកដល់មន្ទីរពិសោធន៍ជាតិសំណង់ ហើយឧបករណ៍ និងម៉ាស៊ីនពិសោធន៍ទាំងនេះ គ្រោងនឹងមកដល់ប្រទេសកម្ពុជានៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ឧបករណ៍ និងម៉ាស៊ីនពិសោធន៍ទាំងនេះបម្រើឲ្យការពិសោធន៍ សម្រាប់បញ្ជាក់ពីសមាសភាពលក្ខណៈ គុណភាពសម្ភារសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ ដែលអាចធ្វើពិសោធន៍នូវមូលដ្ឋានគ្រឹះ នៃការងារសំណង់មានដូចជា ការធ្វើពិសោធន៍ដែក ការធ្វើពិសោធន៍បេតុង ត្រួតពិនិត្យគុណភាពថ្ម ខ្សាច់ និងស៊ីម៉ង់ ព្រមទាំងការធ្វើពិសោធន៍បច្ចេកទេសភូគព្ភសាស្ត្រផងដែរ។ តាមរបាយការណ៍បានឲ្យដឹងថា មន្ទីរពិសោធន៍ជាតិសំណង់បានចាប់ផ្ដើមបុកគ្រឹះនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ និងបានសម្រេចរួចរាល់នៅខែសីហា ឆ្នាំ២០២២ ដោយអគារនេះបានសាងសង់លើផ្ទៃដី ១,៥ហិកតា និងក្រលាផ្ទៃអគារសរុបប្រមាណ ៥០០០ម៉ែត្រការ៉េ ចែកចេញជាពីរអគារគឺអគារបេតុង និងអគារដែក។ ចំពោះអគារបេតុងជាប្រភេទសំណង់អគារការិយាល័យ មានរចនាបទសម័យទំនើបដែលមានក្រឡាផ្ទៃសំណង់សរុប ៧៥០០ម៉ែត្រការ៉េមានកម្ពស់បីជាន់ រីឯអគារដែកមានទំហំ ៧២០ម៉ែត្រការ៉េ សម្រាប់ធ្វើពិសោធន៍គ្រឿងផ្គុំសំណង់ដែលមានខ្នាតធំ ហើយអគារមន្ទីរពិសោធន៍ជាតិសំណង់នេះសាងសង់អស់ថវិកា ៣លានដុល្លារអាមេរិក ដោយគិតទាំងការងារបន្ថែមកម្រាលខណ្ឌជាន់ទី២ ប្លុកB និងអគារស្នាក់នៅរបស់សន្តិសុខ និងកម្មករថែសួន៕ អត្ថបទ បាន សុខរិទ្ធិ



